ប្តីយកដែកទីប វ៉ៃប្រពន្ធសម្លាប់ចោល ដោយសារភ្លើងប្រចណ្ឌ័ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង២១និង៣០នាទីយប់ ស្ថិតនៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ជនរងគ្រោះ ៖ ០១នាក់ស្រី(ស្លាប់) ឈ្មោះ ហៀង យ៉ាត ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកម្មការិនី រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនសង្ស័យ ៖ ០១នាក់ប្រុស (ឃាត់ខ្លួនថ្ងៃទី៣១.០៨.២០២៥) គ្មានសារធាតុញៀនក្នុងទឹកនោម(-)
-ឈ្មោះ ភិន រ៉ា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករោងចក្រ រស់នៅភូមិត្រពាំងត្បែង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មធ្យោបាយធ្វើសកម្មភាព៖ ដំបងដែកទីប០១កំណាត់ (ជនសង្ស័យបោះចោលក្នុងព្រៃក្បែរភូមិ)។

-នៅមុនពេលកើតហេតុថ្ងៃទីសាមសិបមួយខែសីហាឆ្នាំពីរពាន់ម្ភៃប្រាំ វេលាម៉ោងប្រហែលប្រាំបួនព្រឹក ជនសង្ស័យបានចេញពីផ្ទះទៅផឹកស្រាជាមួយបងប្អូននៅភូមិត្រពាំងកក់ ឃុំសំរោងលេី ស្រុកអង្គស្នួល។ លុះដល់វេលាម៉ោងប្រហែលប្រាំមួយល្ងាចទេីបជនសង្ស័យត្រឡប់ទៅដល់ផ្ទះវិញតែមិនឃេីញជនរងគ្រោះនៅផ្ទះរួចក៏បានដេីររកនៅក្នុងភូមិ ឃើញជនរងគ្រោះកំពុងតែផឹកស្រានៅផ្ទះមិត្តភ័ក្ដរបស់គាត់ ។ នៅពេលនោះជនសង្ស័យក៏បានឈ្លោះប្រកែកជាមួយ និងហៅជនរងគ្រោះត្រឡប់ទៅផ្ទះវិញ ហេីយបានវាយទៅលេីជនរងគ្រោះ ទើបជនរងគ្រោះរត់ទៅផ្ទះវិញ ហើយចូលពួនក្នុងបន្ទប់ និងបាននិយាយប្រាប់ទៅកូនថា កុំប្រាប់ប៉ាថាម៉ែនៅក្នុងបន្ទប់ ។ នៅពេលជនសង្ស័យទៅដល់ផ្ទះបានសួរកូនថា ម្ដាយរបស់ឯងនៅឯណា? ពេលនោះកូនក៏បានឆ្លេីយថាមិនឃេីញទេប៉ា ហើយក៏ដើរចេញបាត់ទៅ។
-លុះដល់ម៉ោងកើតហេតុ ជនសង្ស័យរកជនរងគ្រោះឃើញ និងបានយកដំបងដែកទីបវាយទៅលើជនរងគ្រោះជាច្រើនដំបង បណ្ដាលឲ្យជនរងគ្រោះដេកស្លាប់នៅកន្លែងកើតហេតុ ចំណែកជនសង្ស័យបានគេចខ្លួនចេញបាត់ទៅ។
-ក្រោយមកកម្លាំងនគរបាលប៉ុស្ដិ៍សំរោងលើ ក៏ទទួលបានព័ត៌មានពីកូនរបស់ជនរងគ្រោះ និងបានសហការណ៍ជាមួយកម្លាំងផ្នែកជំនាញស្រុក បានចុះដល់កន្លែងកើតហេតុដើម្បីទទួលបណ្ដឹង ធ្វើការកោសល្យវិច័យ និងពិនិត្យកន្លែងកើតហេតុ ។ នៅពេលដែលកម្លាំងជំនាញកំពុងធ្វើការនៅកន្លែងកើតហេតុ ស្រាប់តែទទួលព័ត៌មានពីកម្លាំងដែលប្រចាំការនៅប៉ុស្ដិ៍សំរោងលើថា ជនសង្ស័យបានទៅប្រគល់ខ្លួនឲ្យកម្លាំងសមត្ថកិច្ច ។ ភ្លាមនោះកម្លាំងជំនាញក៏បានទៅដល់ប៉ុស្ដិ៍ នាំខ្លួនជនសង្ស័យយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំតាមនីតិវិធី។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកដំបងដែកទីបវាយទៅលើជនរងគ្រោះដែលត្រូវជាប្រពន្ធបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ បន្ទាប់មកក៏គេចចេញពីកន្លែងកើតហេតុ បានយកដំបងទីបទៅបោះចោលក្នុងព្រៃក្បែរភូមិ រួចក៏ដើរទៅប៉ុស្ដិនគរបាលរដ្ឋបាលសំរោងលើដើម្បីប្រគល់ខ្លួនឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិវិធីច្បាប់ ៕

You might also like