ប្រើប្រពន្ធឲ្យទៅខ្ចីលុយគេ,នាងមិនទៅ ប្តីខឹងវាយម្តងហើយម្តងទៀត នាងទ្រាំលែងបាន ប្តឹងឱ្យឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីម្នាក់ ត្រូវបាននគរបាលឃាត់ ខ្លួន ដោតសារប្រើហិង្សាលើប្រពន្ធ បណ្តាលឱ្យរងរបួស ព្រោះខឹងរឿងប្រពន្ធមិនទៅខ្ចីលុយគេចំនួន១០ម៉ឺនរៀលឱ្យខ្លួន ។ ករណីហិង្សាក្នុងគ្រួសារ ប្តីវាយប្រពន្ធ ហើយនគរបាលឃាត់ខ្លួនបានកើតឡើងកាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បុរសជាប្តីដែលនគរបាលឃាត់ខ្លួនបានមានឈ្មោះ ឃឺន សាម៉ង អាយុ២៥ឆ្នាំ រស់នៅជាមួយប្រពន្ធ មានឈ្មោះ សឿង ស្រីមុំ អាយុ៣៦ឆ្នាំមុខរបរកសិករ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅមុនពេលឈានទៅដល់ការឃាត់ខ្លួនបុរសជាប្តីនោះ គឺនៅវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង បានទទួលពាក្យបណ្ដឹងពីឈ្មោះ សឿង ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំដំបូករូង ស្រុកភ្នំស្រួច បានរៀបរាប់ថថា កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ប្តីរបស់នាង ឈ្មោះ ឃឺន សាម៉ង អាយុ២៥ឆ្នាំ រស់នៅភូមិជាមួយគ្នា បានវាយមកលើនាងចំនួន០៣ដៃ ចំក្បាលពីខាងក្រោយ(វាយក្តាប់ដៃ)ម្តង។
ស្ត្រីជាប្រពន្ធបន្តថា លុះដល់វេលាម៉ោង០៤និង២០នាទី ថ្ងៃខែដដែល ប្តីរបស់នាងបានវាយជាលើកទី២ មកលើ នាងចំនួន០៣ដៃចំក្បាលពីខាងក្រោយ(វាយក្តាប់ដៃ) និងទាត់ត្រូវពីខាងក្រោយមួយជើង បណ្ដាលឲ្យរងរបួសហើមជាំទៀត ។ មូលហេតុដែលប្តីរបស់នាងវាយមកលើរូបនាងនោះគឺ ផ្តើមចេញពីរឿង ប្តីរបស់នាងឲ្យទៅខ្ចីលុយគេចំនួន១០០,០០០រៀល ប៉ុន្តែរូបគាត់ជាប្រពន្ធមិនទៅ ប្តីក៏កើតចិត្តខឹងវាយម្តងហើយម្តងទៀត នាងទ្រាំលែងបានក៏ដាច់ចិត្តប្តឹងតែម្តង ។
នគរបាលស្រុកភ្នំស្រួចបានបន្តទៀតថា កន្លងទៅជនដៃដល់ឈ្មោះខាងលើនេះ តែងតែប្រើអំពើហិង្សាក្នុងគ្រួសារ(វាយប្រពន្ធ) និងធ្លាប់ធ្វើកិច្ចសន្យាអប់រំ នៅប៉ុស្តិ៍នគរបាលចំនួន០១លើក កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ ប៉ុន្តែមិនរាងចាល មិនកែ។ សំណូមពររបស់ប្រពន្ធ សុំឲ្យសមត្ថកិច្ចនគរបាលធ្វើការអនុវត្តតាមច្បាប់ចុះ។
ជនដៃដល់ជាប្តីនគរបាលជំនាញធ្វើការសួរនាំ កសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់ ៕

You might also like