ចាប់ខ្លួនប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្យកម្លាំងជាតិ ស្រុកភ្នំព្រឹក ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មិនមែនគំរាមកំហែងនយោបាយឡើយ

(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សឺង ហៀង អាយុ៤៦ឆ្នាំ ប្រធានគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិ តាមដីកាបញ្ជាឲ្យចូលខ្លួនលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥។
ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់ បណ្តាញសង្គម ប្រព្រឹត្តសកម្មភាពសរសេរខ្លឹមសារចោទប្រកាន់មកលើថ្នាក់ដឹកនាំ គ្មានមូលដ្ឋានច្បាស់លាស់ នៅក្នុងបណ្តាញសង្គម ដែលនាំឲ្យមហាជនមានការយល់ច្រឡំ បង្កឲ្យមានការញុះញង់រើសអើង និងប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។
ការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចអនុវត្តត្រឹមត្រូវតាម នីតិវិធីច្បាប់ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ និងសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់គណបក្សកម្លាំងជាតិ ដែលចោទថា ការឃាត់ខ្លួនជនសង្ស័យឈ្មោះ សឹង ហៀង ជាការគំរាមកំហែងផ្នែកនយោបាយ ដោយការចោទប្រកាន់នេះគ្រាន់ជាការផ្សព្វផ្សាយដើម្បី បំភាន់សាធារណៈមតិតែប៉ុណ្ណោះដោយមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ឲ្យបានត្រឹមត្រូវនោះឡើយ ពោលការអនុវត្តច្បាប់ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសខុសច្បាប់គឺជាការពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតយ្យដែលតម្រូវឲ្យបុគ្គលគ្រប់រូបត្រូវចូលរួមគោរពច្បាប់ជាធរមាន។
សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

You might also like