បំបែកសំណុំរឿងក្រុមប្លន់ម៉ូតូដ៏កក្រើកនៅស្រុកបសេដ្ឋ និងស្រុកភ្នំស្រួច ឃាត់មុខសញ្ញាច្រើននាក់រួមជាមួយវត្ថុតាងជនរងគ្រោះត្រឡប់មកវិញ
កំពង់ស្ពឺ ៖ ដោយអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធី ពីឯកឧត្ដមព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី សម សាក់ ស្នងការរង បញ្ជាផ្ទាល់អធិការនគរបាលស្រុកបសេដ្ឋ អធិការនគរបាលស្រុកភ្នំស្រួច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការស្រាវជ្រាវរហូតឈានទៅធ្វេីការកំណត់មុខសញ្ញាបក្ខពួកក្រុមចោរប្លន់(ក្រុមលួចដោយមានស្ថានទម្ងន់ទោស។
លោកអធិការនគរបាលស្រុកភ្នំស្រួច បញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤និង២០នាទី នៅមុខផ្ទះលក់ចាប់ហួយ និងសាំងភូមិរស្មីសាមគ្គី ឃុំជាំសង្កែ ស្រុកភ្នំស្រួច មានករណីលួចដោយមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូហុងដាឌ្រីមភ្នំពេញ 1GB-9039) បង្កដោយជនសង្ស័យ ៦នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០៣គ្រឿងប្រើ កាំបិតបុ័ងតោ ដាវ និងខ្សែក្រវ៉ាត់ធ្វើសកម្មភាព។
បន្ទាប់មកកម្លាំងជំនាញព្រហ្មទណ្ឌសមត្ថកិច្ចបានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចំនួន៦នាក់៖ ១.ឈ្មោះសេង ឡុង ប្រុស ១៩ឆ្នាំ ២.ឈ្មោះ ផាវ ថេត ប្រុស ១៤ឆ្នាំ ៣.ឈ្មោះអ៊ុន សុខគា ប្រុស ១៧ឆ្នាំ ៤.ឈ្មោះ គឿង ប៊ុនណា ប្រុស ១៨ឆ្នាំ ៥.ឈ្មោះ សែត ឆាត ប្រុស ២៣ឆ្នាំ ៦.ឈ្មោះ ភា សំណាង ប្រុស ២០ឆ្នាំ ដកហូតម៉ូតូ៣គ្រឿង រកឃើញម៉ូតូជនរងគ្រោះ១គ្រឿង -ម្សៅក្រាមពណ៍សថ្លាសង្ស័យគ្រឿងញៀន ៤កញ្ចប់-កាំបិតកែច្នៃ១ដើម-ពូថៅ២ដើម-ទូរស័ព្ទដៃ ៣គ្រឿង-កាតាបស្ពាយសំរាប់ដាក់ពូថៅ១-ក្បាំងមុខម៉ូតូមួយចំនួន។
តាមចម្លើយសារភាពក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពប្លន់ម៉ូតូ៣លើក ក្នុងភូមិសាស្រ្ដខេត្ដកំពង់ស្ពឺ ប៉ុន្ដែជំនាញបន្ដសាកសួរ និងពិនិត្យករណីនេះ បន្ថែមទៀតលើករណីកើតហេតុដែលបង្កឡើងដោយក្រុមចោរសកម្ម។
ជនសង្ស័យបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដើម្បីចំណាត់ការបន្ដ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីច្បាប់ ៕






