កាសែតថៃ ៖ ការចាកចេញពីប្រទេសថៃរបស់លោក Thaksin កំពុងបង្កជាការសង្ស័យថា លោកត្រៀមដកខ្លួនចេញពីនយោបាយរស់នៅនិទេសខ្លួនសាជាថ្មី

(បាងកក)៖ មួយយប់មុននឹងរដ្ឋសភាថៃបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី៣២ ដែលគេរំពឹងថាមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ទទួលបានការគាំទ្រ ពីគណបក្សប្រជាជនថៃ (People’s Party) នឹងត្រូវបានជ្រើសរើសតាំងជានាយករដ្ឋមន្ត្រីថ្មី អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra បានបង្កភាពភ្ញាក់ផ្អើលនៅលើ ក្របទំព័រមុខនៃសារព័ត៌មានក្នុងប្រទេសថៃ ដោយឡើងយន្ដហោះឯកជនចាកចេញពីប្រទេស។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ជាជាងស្ថិតនៅក្នុងប្រទេសដើម្បីជួយបញ្ចុះបញ្ចូលឱ្យសមាជិករដ្ឋសភាបោះឆ្នោតបេក្ខជននាយករដ្ឋមន្ត្រី មកពីគណបក្សភឿថៃ និងជំរុញការរំលាយរដ្ឋសភា លោក Thaksin បានសម្រេចចិត្តលួចចេញពីប្រទេសថៃស្ងាត់ ដោយមិនបានប្រកាសឱ្យគេដឹងជាមុននោះទេ។ ដំណើរចាកចេញពីប្រទេសរបស់លោកបានក្លាយជាប្រធានបទក្ដៅមួយ នៅពេលដែលប៉ូលិសអន្តោប្រវេសន៍ថៃ កាលពីថ្ងៃទី៤ ខែកញ្ញា បានឃាត់ខ្លួនរូបលោកនៅឯអាកាសយានដ្ឋាន Don Mueang ដើម្បីផ្ទៀងផ្ទាត់ឯកសារ មុននឹងអនុញ្ញាតឱ្យលោកចាកចេញពីប្រទេស។
ឥឡូវនេះមានមនុស្សជាច្រើននៅក្នុងប្រទេសថៃ កំពុងមានការសង្ស័យថាលោក Thaksin បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីដកខ្លួនចេញពីនយោបាយថៃ ដោយរស់នៅនិរទេសខ្លួននៅក្រៅប្រទេសសាជាថ្មី។ កាសែត Khasosod ក៏បានចេញផ្សាយព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញានេះដែរថា យន្ដហោះរបស់លោក Thaksin បានចុះចតនៅទីក្រុងឌូបៃ មិនមែនប្រទេសសិង្ហបុរីទេ។
លោក Thaksin តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលប្រមាណ២ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង១០យប់។
ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ លោក Thaksin បន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ពោលគឺឱ្យបានមុនតុលាការកំពូលថៃចេញសាលក្រមពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកបានប្រើល្បិចដើម្បី បានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យក្រោមហេតុផលសុខភាព ជំនួសឱ្យការឃុំខ្លួនក្នុងពន្ធនាគារ ក្រោយត្រូវបានតុលាការផ្តន្ទាទោស បន្ទាប់ពីត្រឡប់ចូលស្រុកវិញកាលពីឆ្នាំ២០២៣។ ការប្រកាសសាលក្រមនេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា៕

You might also like