លោកថាក់ស៊ីន បកស្រាយមូលហេតុនៃការទៅកាន់ទីក្រុងឌុយបៃ នៃអេមីរ៉ាត់អារ៉ាប់រួម មិនមែនជាប្រទេសសិង្ហបុរី
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានពន្យល់ពីមូលហេតុដែលយន្តហោះឯកជនរបស់លោក ដំបូងឡើយ គ្រោងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ត្រូវបានបង្វែរទៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម វិញ។
ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីលោកបានទៅដល់ទីក្រុងឌុយបៃនៅព្រឹកព្រលឹមថ្ងៃសុក្រ ៥ កញ្ញា លោកថាក់ស៊ីន បាននិយាយថាដើមឡើយរូបលោកមានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលបានព្យាបាលលោកក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលលោកស្នាក់នៅបរទេស។
មួយយប់មុនពេលសភាត្រៀមបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីទី ៣២ របស់ប្រទេសថៃ ស្ទើរតែប្រាកដណាស់ថា មេដឹកនាំគណបក្សភូមិចៃថៃ(Bhumjaithai) លោក Anutin Charnvirakul ត្រូវបានគាំទ្រដោយគណបក្សប្រឆាំង គឺបក្សប្រជាជនថៃ នឹងក្លាយជានាយករដ្ឋមន្ត្រី អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត់ បានបង្កើតភាពភ្ញាក់ផ្អល់បំផុតជាមួយនឹងការចាកចេញពីប្រទេសថៃ ស្របពេលភាពច្របូកច្របល់ខាងនយោបាយ។
ជាជាងការបញ្ចុះបញ្ចូលឲ្យមានការបោះឆ្នោតដើម្បីត្រឡប់លទ្ធផលត្រឡប់ទៅបេក្ខជនបក្សភឿថៃ និងជំរុញឲ្យមានការរំលាយសភា លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃដោយស្ងៀមស្ងាត់ គ្មានការប្រកាសជាមុន។ ការចាកចេញនេះបានក្លាយជាព័ត៌មានសំខាន់នៅល្ងាចថ្ងៃទី ៤ ខែកញ្ញា នៅពេលនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានដនមឿង (Don Mueang) បានឃាត់ខ្លួនរូបលោកសម្រាប់ការផ្ទៀងផ្ទាត់ឯកសារមុនពេលអនុញ្ញាតឱ្យលោកចាកចេញរយៈពេល២ម៉ោង។
យោងតាមលោក Thaksin ការពន្យារពេលនេះមានន័យថា យន្តហោះរបស់លោកនឹងមិនអាចចុះចតនៅអាកាសយានដ្ឋាន Seletar ដែលគ្រប់គ្រងយន្តហោះឯកជនបានទេ ដោយសារត្រូវបិទនៅម៉ោង ១០ យប់ម៉ោងក្នុងស្រុក ម៉ោងនៅសិង្ហបុរី គឺមុនប្រទេសថៃមួយម៉ោង។
មនុស្សជាច្រើនជឿថាលោកបានភៀសខ្លួនទៅសម្ងំនៅបរទេសមុនពេលមានសេចក្តីសម្រេចរបស់តុលាការដ៏សំខាន់ទាក់ទងនឹងសំណុំរឿងដេកពេទ្យVIP ជាន់ទី១៤ របស់លោកនៅថ្ងៃទី៩ ខែកញ្ញា៕






