រញ្ជួយដីលើកទី៣ វាយប្រហារភាគអាគ្នេយ៍អាហ្វហ្គានីស្ថាន ខណៈអ្នកស្លាប់សរុបឡើងជាង ២.២០០នាក់
មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GRCG) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) ដែលជារញ្ជួយលើកទីបីហើយនៅក្នុងតំបន់តែមួយ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមក នៅពេលដែលការរញ្ជួយដីដ៏មហន្តរាយបំផុតរបស់ប្រទេសនេះក្នុងពេលជាច្រើនឆ្នាំ បានសម្លាប់មនុស្សលើសពី ២.២០០នាក់។
លោក Naqibullah Rahimi អ្នកនាំពាក្យរបស់មន្ទីរសុខាភិបាលខេត្ត Nangarhar បាននិយាយថា ចំណុចកណ្តាលនៃរញ្ជួយស្ថិតនៅស្រុក Shiwa ដាច់ស្រយាល ក្បែរព្រំដែនប៉ាគីស្ថាន ជាមួយនឹងរបាយការណ៍ដំបូងនៃការខូចខាតក្នុងតំបន់ Barkashkot ប៉ុន្តែព័ត៌មានលម្អិតកំពុងប្រមូលនៅឡើយ។
ការរញ្ជួយថ្មីនេះនៅជម្រៅ ១០គីឡូម៉ែត្រ បន្ទាប់ពីរញ្ជួយដ៏ធំមុននោះ ដែលបានកម្ទេចខេត្ត Kunar និង Nangarhar ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង ហើយអ្នករួចជីវិតប្រឈមនឹងអនាគតដ៏ក្រៀមក្រំ ដោយទីភ្នាក់ងារជំនួយពិភពលោកព្រមានពីការថយចុះធនធាន។ រដ្ឋបាលតាលីបង់ និយាយថា ប្រតិបត្តិការស្វែងរកបានបន្តនៅតំបន់ភ្នំភាគខាងកើតដែលរងការរញ្ជួយដី ដោយប្រកាសចំនួនអ្នកស្លាប់ថ្មី ២.២០៥នាក់ និងមនុស្សយ៉ាងហោចណាស់ ៣.៦៤០នាក់ រងរបួស។
ការរញ្ជួយដីលើកទីមួយកម្រិត ៦រ៉ិចទ័រ វាយប្រហារនៅថ្ងៃទី៣១ សីហា ដែលកំណាចបំផុតនៅអាហ្វហ្គានីស្ថាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណែករញ្ជួយលើកទីពីរកម្រិត ៥,៥រ៉ិចទ័រ កាលពីថ្ងៃទី២ កញ្ញា បានធ្វើឱ្យមានការភ័យស្លន់ស្លោ និងរំខានដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយរញ្ជួយថ្មីលើកទី៣ នាថ្ងៃទី៤ កញ្ញា នេះ ក៏បានបង្កើនភាពភ័យខ្លាចថាអ្នកស្លាប់អាចកើនឡើងមិនឈប់៕



