មន្ត្រី ៖ លោកTrump នឹងចុះហត្ថលេខាលើក្រឹត្យប្តូរឈ្មោះក្រសួងការពារជាតិទៅជា «ក្រសួងសង្គ្រាម»
មន្ត្រីសេតវិមានបាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គ្រោងនឹងចុះហត្ថលេខាលើក្រឹត្យមួយនៅថ្ងៃសុក្រ ទី៥ ខែកញ្ញានេះ ដើម្បីប្តូរឈ្មោះក្រសួងការពារជាតិទៅជា «ក្រសួងសង្គ្រាម» ជាចំណាត់ការមួយដែលនឹងបោះត្រារបស់លោកTrump លើស្ថាប័នធំបំផុតរបស់រដ្ឋាភិបាល។
យោងតាមសេតវិមានបានឲ្យដឹងថា ក្រឹត្យនេះនឹងអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិលោកPete Hegseth ក្រសួងការពារជាតិនិងមន្ត្រីក្រោមឱវាទប្រើប្រាស់មុខងារបន្ទាប់បន្សំដូចជា «រដ្ឋមន្ត្រីសង្គ្រាម» «ក្រសួងសង្គ្រាម» និង«អនុរដ្ឋមន្ត្រីសង្គ្រាម» នៅក្នុងការឆ្លើយឆ្លងផ្លូវការនិងទំនាក់ទំនងសាធារណៈ។
ចំណាត់ការនេះនឹងណែនាំឲ្យលោក Hegseth ផ្តល់អនុសាសន៍លើចំណាត់ការផ្លូវច្បាប់និងប្រតិបត្តិដែលជាតម្រូវការចាំបាច់ក្នុងការកែប្រែឈ្មោះជាអចិន្ត្រៃយ៍។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានកំណត់ប្តូរឈ្មោះទីតាំងនិងស្ថាប័នជាច្រើន រួមទាំងឈូងសមុទ្រម៉ិកស៊ិក និងយកមកប្រើវិញឈ្មោះដើមនៃមូលដ្ឋានយោធាដែលត្រូវបានកែប្រែបន្ទាប់ពីការតវ៉ាទាមទារយុត្តិធម៌ជាតិសាសន៍៕






