ប្រជាពលរដ្ឋ ត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មី ដែលត្រៀមបើកដំណើរការ

ប្រជាពលរដ្ឋកម្ពុជា បង្ហាញនូវក្ដីត្រេកអរជាខ្លាំង ដែលកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រៀមបើកដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ។ ពួកគាត់ម្នាក់ៗ មានមោទនភាពជាខ្លាំងចំពោះសមិទ្ធផលដ៏ធំនេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាសមិទ្ធផលថ្មីដ៏ធំសម្រាប់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ អាកាសយានដ្ឋានដ៏ធំអស្ចារ្យនេះ នឹងបើកដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលចូលមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងត្រូវបិទដំណើរការទាំងស្រុង។
ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែបង្ហាញនូវសេចក្ដីត្រកអរចំពោះសមិទ្ធផលជាតិដ៏ធំមួយនេះ។ សម្រាប់ពលរដ្ឋរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលរស់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិតេជោ កាន់តែមានក្ដីរំភើបរីករាយនៅពេលវត្តមានព្រលានយន្តហោះថ្មីនៅក្បែរផ្ទះរបស់ពួកគាត់។ ពួកគាត់ចង់ទៅទស្សនាផ្ទាល់ មើលពីភាពអស្ចារ្យនៃអាកាសយានដ្ឋានថ្មី។
ទន្ទឹមនឹងមោទនភាពចំពោះសមិទ្ធផលដ៏ធំនេះ ពួកគាត់មើលឃើញដំណើរវិជ្ជមានរបស់កម្ពុជា ក្រោយអាកាសយានដ្ឋានថ្មីបើកដំណើរការផងដែរ។ ពួកគាត់ដាក់ក្ដីរំពឹងថា អាកាសយានដ្ឋានថ្មី នឹងជួយសម្រួលពិសេសស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកម្ពុជាកាន់តែច្រើន។ ពួកគាត់ក៏ដាក់ក្ដីរំពឹងដែរថា អាជីវកម្មរបស់ពួកគាត់ដែលនៅក្បែរអាកាសយានដ្ឋានថ្មី ក៏នឹងកាន់តែរីកលូតលាស់ផងដែរ។
អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយប្រមាណ ២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់ឡើងលើទឹកដីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ។
អាកាសយានដ្ឋាននេះ ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ អាកាសយានដ្ឋាន 4F គឺជាអាកាសយានដ្ឋានធំដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន៕

You might also like