អាស៊ាន និងសហភាពអឺរ៉ុប បញ្ជាក់អំពីការប្តេជ្ញារួមគ្នាតាមរយៈការពង្រឹងភាពជាដៃគូ ដើម្បីដោះស្រាយវិបត្តិភពផែនដីចម្បងចំនួន ៣
អាស៊ាន និងសហភាពអឺរ៉ុប បញ្ជាក់អំពីការប្តេជ្ញារួមគ្នាតាមរយៈការពង្រឹងភាពជាដៃគូ ដើម្បីដោះស្រាយវិបត្តិភពផែនដីចម្បងចំនួន ៣ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំដៃគូសន្ទនា ថ្នាក់រដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរ៉ុប ស្តីពីបរិស្ថាននិងការប្រែប្រួលអាកាសធាតុ លើកទី១ ដែលបានអនុម័តសេចក្តីប្រកាសព័ត៌មានរួមគ្នា ស្តីពីកិច្ចសន្ទនារដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរ៉ុបលើកទី១ ស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ និងបានស្វាគមន៍នូវកម្មវិធីការងារ ឆ្នាំ២០២៥-២០២៦ របស់អាស៊ាន-សហភាពអឺរ៉ុប។
នៅក្នុងវេទិការនេះ អាស៊ាន និងសហភាពអឺរ៉ុប បានបញ្ជាក់អំពីការប្តេជ្ញារួមគ្នាតាមរយៈការពង្រឹងភាពជាដៃគូ ដើម្បីដោះស្រាយវិបត្តិភពផែនដីចម្បងចំនួន ៣ រួមមាន៖ ការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ និងការបំពុល។ បន្ថែមពីនេះ អាស៊ាន និងសហភាពអឺរ៉ុបបានបង្ហាញភាពស៊ីចង្វាក់គ្នា (១)លើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ (២)ឆន្ទៈនៃការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឱ្យបានមុនសន្និសីទរដ្ឋភាគីលើកទី៣០ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រោងប្រារព្ធឡើងនៅខែវិច្ឆិកាខាងមុខ នៅប្រទេសប្រេស៊ីល និង (៣)ភាពបន្ទាន់នៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ២០៣៥ ដើម្បីក្លាយជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
ដោយយល់ឃើញអំពីឱកាសសេដ្ឋកិច្ច-សង្គម អាស៊ាន និងសហភាពអឺរ៉ុបបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើថាមពលកកើតឡើងវិញ បច្ចេកវិទ្យាធ្វើឱ្យការបញ្ចេញកាបូនទាប ប្រព័ន្ធថាមពលចម្រុះ និងការលក់កាបូន។ អាស៊ាន និងសហភាពអឺរ៉ុប បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃនិរន្តរភាពព្រៃឈើ និងការគ្រប់គ្រងធនធានទឹក ការអភិវឌ្ឍសេដ្ឋកិច្ចដោយផ្តោតលើនិរន្តរភាពបរិស្ថាន និងកិច្ចសហការនៅក្នុងសម័យប្រជុំសភាបរិស្ថានសហប្រជាជាតិ៕



