ស្ថានទូតបរទេសប្រចាំកម្ពុជា ចូលរួមអបអរសាទរ ការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ

ស្ថានទូតចិន អាល្លឺម៉ង់ អង់គ្លេស និងសិង្ហបុរី ប្រចាំនៅកម្ពុជា បានចូលរួមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានសម្តែងនូវការស្វាគមន៍ចំពោះការបើកព្រលានយន្តហោះអន្តរជាតិដ៏ធំបំផុតរបស់កម្ពុជា ដោយកត់សម្គាល់ថា ជើងហោះហើរដំបូងដែលចុះចតនៅទីតាំងថ្មីនេះ បានដឹកភ្ញៀវទេសចរមកពីប្រទេសចិន។ ឯកឧត្តមជឿជាក់ថា «ការបើកដំណើរការនៃអាកាសយានដ្ឋានថ្មីនេះ និងតាមរយៈឆ្នាំទេសចរណ៍ចិន-កម្ពុជា នឹងនាំឱ្យចំនួនភ្ញៀវទេសចរចិនមកកម្ពុជាកើនឡើងខ្ពស់សារជាថ្មីម្តងទៀត»។

ស្ថានទូតសហព័ន្ធអាល្លឺម៉ង់បានសម្តែងសុទិដ្ឋិនិយមថា ព្រលានយន្តហោះថ្មីនេះ នឹងជំរុញការធ្វើដំណើររវាងប្រទេសអាល្លឺម៉ង់ និងកម្ពុជា។ ជាមួយនឹងចំនួនភ្ញៀវអាល្លឺម៉ង់ជាង ៧០ ០០០ នាក់ កាលពីឆ្នាំទៅ ស្ថានទូតសង្ឃឹមថាតួលេខនេះនឹងបន្តកើនឡើង ដែលនាំឱ្យប្រជាជនប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាមួយគ្នា។ «យើងខ្ញុំសូមជូនពរឱ្យអាកាសយានដ្ឋានអន្តរជាតិតេជោដែលនឹងចាប់ផ្តើមស្វាគមន៍ពិភពលោកថ្ងៃនេះទទួលបានជោគជ័យ – Herzlichen Glückwunsch Cambodia!»។

ជាមួយគ្នានេះ ស្ថានទូតអង់គ្លេសបានសម្តែងក្តីរីករាយដែលឃើញប្រទេសកម្ពុជាបើកច្រកទ្វារដ៏សំខាន់មួយទៀតសម្រាប់អ្នកធ្វើដំណើរ និងធុរកិច្ចអន្តរជាតិ។ ស្ថានទូតបានបញ្ជាក់ថា៖ ជាមួយនឹងការរចនាដ៏គួរឱ្យទាក់ទាញ និងនិរន្តរភាពដោយក្រុមហ៊ុនអង់គ្លេស Foster + Partners ចក្រភពអង់គ្លេសមានមោទនភាពក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅជំហានបន្ទាប់របស់កម្ពុជា។ អបអរសាទរចំពោះការបើកដំណើរការដោយជោគជ័យ យើងទន្ទឹងរង់ចាំការសម្ពោធជាផ្លូវការនៅខែតុលាខាងមុខ!»។

បន្ថែមពីលើនេះ ស្ថានទូតសិង្ហបុរី ក៏បានចូលរួមអបអរសាទរផងដែរ ដោយបានគូសបញ្ជាក់ថា “អបអរសាទរកម្ពុជាក្នុងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ។ យើងមានមោទនភាពដែលក្រុមហ៊ុន Singapore Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍ទីពីរដែលបានចុះចត បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងបង្អស់ដែលបានចុះចតនៅអាកាសយានដ្ឋានថ្មីនេះ”។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ 4F ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២ ៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។ អាកាសយានដ្ឋាននេះគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី០៩ ខែកញ្ញា នេះដែរ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការប្រតិបត្តិការខ្សែរត់រថយន្តក្រុងសាធារណៈអាកាសយាន្តដ្ឋានអន្តរជាតិតេជោ-AIRPORT EXPRESS BUS ដើម្បីតភ្ជាប់ពីអាកាសយានដ្ឋាន មកកាន់រាជធានីភ្នំពេញ ដោយផ្តល់ជូននូវការដឹកជញ្ជូនដ៏ងាយស្រួល សុវត្ថិភាព និងតម្លៃសមរម្យសម្រាប់អ្នកធ្វើដំណើរក្នុង និងក្រៅប្រទេស។

តម្រាយខ្សែរត់រថយន្តក្រុងនេះ មានពីរទិសដៅ ដោយទិសដៅទី១ ចេញដំណើរពីស្ថានីយរថយន្តក្រុងរង្វង់មូលកូចកាណុងរត់តាមមហាវិថីព្រះមុនីវង្ស បន្តរត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) រហូតដល់អាកាសយានដ្ឋានអន្តរជាតិតេជោ រីឯទិសដៅទី២ ចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ រត់តាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ ម៉ែត្រ) មកដល់ស្ពានអាកាសមរតកតេជោ បន្តរត់តាមមហាវិថីព្រះមុនីវង្ស រហូតដល់ស្ថានីយរថយន្តក្រុងរង្វង់មូលកូចកាណុង ចាប់ពីម៉ោង០៥:៣០នាទី ដល់ម៉ោង ២៣:៣០នាទី។

នៅលើតម្រាយខ្សែរត់នេះ មានចំណតរង់ចាំរថយន្តក្រុងតែ ៤កន្លែងប៉ុណ្ណោះ ក្នុងនោះមាន៖ • សួនកាណាឌីយ៉ា ទល់មុខរាជាយស្ម័យយានកម្ពុជា (AEB01, AEB02) • សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (AEB03, AEB04) • ធនាគារប្រេដ BRED Bank (AEB05, AEB06) មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) • ផ្សារទំនើបអ៊ីអនម៉លមានជ័យ (AEB07, AEB08)៕ ដោយ នីកា AKP

You might also like