ទឹកជំនន់ នៅឥណ្ឌូនេស៊ី មានអ្នកស្លាប់យ៉ាងហោចណាស់ ១០នាក់
ក្រុមមន្ត្រី នៅថ្ងៃពុធ (ទី១០ ខែកញ្ញា) នេះ បានឲ្យដឹងថា ទឹកជំនន់ នៅលើកោះ Bali របស់ប្រទេសឥណ្ឌូនេស៊ី បានបណ្ដាលឲ្យមានអ្នកសា្លប់យ៉ាងហោចណាស់ ៦នាក់ហើយ នៅសប្តាហ៍នេះ ហើយបានបិទផ្លូវសំខាន់ៗក្នុងរដ្ឋធានី ដោយរំខានដល់គោលដៅធ្វើដំណើរដ៏មមាញឹក។
លោក I Nyoman Sidakarya ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់កោះនេះ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងឥតឈប់ឈរ ពីល្ងាចថ្ងៃទី៩ ខែកញ្ញា ដល់ព្រឹកថ្ងៃទី១០ ខែកញ្ញា បានធ្វើឲ្យអគារ ២ខ្នងដួលរលំ នៅក្នុងរដ្ឋធានី Denpasar នៃកោះបាលី ដោយបានបណ្ដាលមនុស្ស ៤នាក់យ៉ាងតិចបាត់បង់ជីវិត។
ចំណែកឯទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ឥណ្ឌូនេស៊ី បានឲ្យដឹងនៅថ្ងៃទី១០ ខែកញ្ញានេះថា មនុស្ស ២នាក់ទៀត បានស្លាប់ និង ៨៥នាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញនៅក្នុងតំបន់ Jembrana។ ហើយប្រធានទីភ្នាក់ងារនេះ លោក Suharyanto បានប្រាប់អ្នកសារព័ត៌មានថា ទឹកជំនន់បានបន្តមាននៅកោះ Bali នៅថ្ងៃទី១០ ខែកញ្ញានេះ។
ជាមួយគ្នានេះ លោក Nyoman បានប្រាប់ថា ការចូលទៅកាន់អាកាសយានដ្ឋានអន្តរជាតិរបស់កោះ នៅជិតទីក្រុង Denpasar ត្រូវបានកម្រិត ដោយមានតែរថយន្តធំៗប៉ុណ្ណោះទើបអាចប្រើប្រាស់ផ្លូវបាន។ លោក Nyoman បានបញ្ជាក់ថា អ្នកជួយសង្គ្រោះប្រហែល ២០០នាក់ត្រូវបានបញ្ជូនទៅកាន់ទីកន្លែងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេស ក៏បានឲ្យដឹងបន្ថែមដែរថា ភ្លៀងធ្លាក់ខ្លាំងក៏បណ្តាលឲ្យមានទឹកជំនន់ នៅខេត្ត East Nusa Tenggara របស់ឥណ្ឌូនេស៊ី ជាកន្លែងដែលមានមនុស្ស ៤នាក់ស្លាប់ផងដែរ។ ដូច្នេះ គិតត្រឹមថ្ងៃទី១០ ខែកញ្ញានេះ ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ នៅឥណ្ឌូនេស៊ី មានយ៉ាងហោចណាស់ ១០នាក់៕



