លោកបណ្ឌិត ឥន សុផល ៖ ភាគីថៃ មិនអាចលុបចោល MoU ឆ្នាំ២០០០ ជាឯកតោភាគីបានទេ
(ភ្នំពេញ)៖ លោកបណ្ឌិត ឥន សុផល អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងការទូត បានឲ្យដឹងថា ថៃមិនអាចលុបចោល MoU ឆ្នាំ២០០០ ជាឯកតោភាគីបានទេ ព្រោះយោងតាមច្បាប់អន្តរជាតិ (អនុសញ្ញាទីក្រុងវីយែន ស្តីពីច្បាប់សន្ធិសញ្ញា ឆ្នាំ១៩៦៩ ទោះបីជា MOU មិនត្រូវបានចាត់ទុកថាជា «សន្ធិសញ្ញា» តាមនិយមន័យច្បាស់លាស់ក្តី ប៉ុន្តែនៅពេល ដែលរដ្ឋអធិបតេយ្យពីរ បានចុះហត្ថលេខា និងអនុវត្តន៍តាម MoU វាត្រូវបានគេចាត់ទុកថាមានសុពលភាពតាមផ្លូវច្បាប់អន្តរជាតិ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតមកកាន់បណ្ដាញព័ត៌មាន ។
លោកបណ្ឌិតបានបន្តថា តាមអនុសញ្ញាទីក្រុងវីយែន រដ្ឋមួយមិនអាចដកខ្លួនចេញពីកិច្ចព្រមព្រៀង ជាឯកតោភាគីបានឡើយ លុះត្រាតែកិច្ចព្រមព្រៀង ឬ MoUនោះ មានចែងអំពីលក្ខខណ្ឌបញ្ចប់សុពលភាព (ប៉ុន្តែ MOU ឆ្នាំ២០០០ ពុំបានកំណត់សុពលភាពទេ) ។
តាមច្បាប់ក្នុងប្រទេសថៃ នៅក្នុងមជ្ឈដ្ឋាននយោបាយថៃខ្លះ បានអះអាងថា MOU ឆ្នាំ២០០០ នេះ ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពជាតិរបស់ថៃ និងបានទាមទារឱ្យលុបចោលជាឯកតោភាគី។ រដ្ឋាភិបាលថៃ អាចប្រកាសជាឯកតោភាគី មិនទទួលស្គាល់ MoU នេះបាន។ ប៉ុន្តែតាមច្បាប់អន្តរជាតិ ការប្រកាសបែបនេះ មិនអាចបដិសេធកាតព្វកិច្ចរបស់ថៃចំពោះកម្ពុជាបានឡើយ ប្រសិនបើភាគីកម្ពុជាទាមទារអនុវត្តបន្តទៅទៀត។
ជាក់ស្តែងក្នុងការអនុវត្ត ប្រសិនបើភាគីថៃដកខ្លួនចេញពី MoU ជាឯកតោភាគី ដូច្នេះភាគីកម្ពុជាអាច ប្តឹងតវ៉ាតាមការទូត និងដាក់បញ្ចូលទៅកាន់ UN ឬ ASEAN។ ដាក់ពាក្យបណ្តឹងលើបញ្ហានេះទៅតុលាការ ICJ ដូចជាករណីប្រាសាទព្រះវិហារ (សេចក្តីវិនិច្ឆ័យឆ្នាំ១៩៦២ និងឆ្នាំ២០១៣)។ ជាងនេះទៅទៀតការដកខ្លួនជាឯកតោភាគី នឹងប៉ះពាល់ដល់ឥទ្ធិពល កិត្យានុភាព និងឆន្ទៈអន្តរជាតិរបស់ប្រទេសថៃ ហើយធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែមានភាពតានតឹង។
អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងកាទូតខាងលើក បានបញ្ជាក់ទៀតថា តាមច្បាប់អន្តរជាតិ ភាគីថៃមិនអាចលុបចោល MoU ឆ្នាំ២០០០ ជាឯកតោភាគីបានទេ លុះត្រាមានការយល់ព្រមពីភាគីកម្ពុជា។ ក្នុងករណី ដែលរដ្ឋាភិបាលថៃ នៅតែប្រកាស «បានលុបចោល MoU ឆ្នាំ២០០០» នេះ វានឹងមានផលប៉ះពាល់តែផ្នែកនយោបាយផ្ទៃក្នុងប្រទេសថៃតែប៉ុណ្ណោះ ប៉ុន្តែមិនអាចលុបបំបាត់កាតព្វកិច្ចតាមច្បាប់អន្តរជាតិបានឡើយ ទោះបីភាគីថៃធ្វើប្រជាមតិ ឬសភាថៃបោះឆ្នោតលុបចោលក៏ដោយ បើពុំមានការយល់ព្រមពីភាគីកម្ពុជា ថៃមិនអាចគេចផុតពីកាតព្វកិច្ចអន្តរជាតិនេះបានឡើយ៕