សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរសើរ និងមានមោទនភាព ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ផ្តាំផ្ញើតាមរយៈលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា នូវការកោតសរសើរ និងក្ដីមោទនភាពចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលមានភាពលេចធ្លោជាងគេ លើការធានាបានស្ថិរភាពហិរញ្ញវត្ថុប្រចាំឆ្នាំ សម្រាប់ការគាំទ្របេសកកម្មរបស់កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
បើតាមលោកជំទាវអគ្គលេខាធិការ ភាពលេចធ្លោនេះ បានដើរស្របគ្នានឹងផែនការកាកបាទក្រហមកម្ពុជា ដែលដាក់គោលដៅ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ ធ្វើយ៉ាងណាឱ្យគ្រប់សាខាកាកបាទក្រហមទូទាំងប្រទេស ក្លាយជាអង្គភាពមានការទទួលខុសត្រូវ និងម្ចាស់ការខាងហិរញ្ញវត្ថុ ដើម្បីគាំទ្រសកម្មភាពបម្រើសង្គម ពិសេសការជួយពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ។
ការលើកឡើងនូវសេចក្ដីផ្តាំផ្ញើប្រកបដោយក្ដីត្រេកអរ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានធ្វើឡើងក្នុងឱកាស ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានរៀបចំពិធីបិទសន្និបាតសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង អាណត្តិទី៦ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការនៃកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមអង្គសន្និបាតទាំងមូល បានថ្លែងថ្វាយព្រះរាជសព្ទសាធុកាពរ ថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រមទាំងសេចក្ដីគោរពដឹងគុណដ៏ខ្ពង់ខ្ពស់ ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលគ្រប់កាលៈទេសៈ សម្ដេចបានដឹកនាំតម្រង់ទិស និងបង្ហាញសកម្មភាពជាគំរូ ក្នុងបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះទូទាំងប្រទេស ជាពិសេសចុងក្រោយនេះ គឺការជួយដល់ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋវិលពីប្រទេសថៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រី ព្រមទាំងយុវជនស្ម័គ្រចិត្ត នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលក្នុងរយៈកាលកន្លងមកនេះ បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់មូលដ្ឋាន ដើម្បីផ្ដល់ការគាំទ្រជូនប្រជាពលរដ្ឋ ឆ្លើយតបបានយ៉ាងមានប្រសិទ្ធភាពទៅនឹងផែនការសកម្មភាព និងបេសកកម្មដ៏ឧដុង្គឧត្តមរបស់កាកបាទក្រហមកម្ពុជា។ ជាក់ស្ដែងចុងក្រោយនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចូលរួមយ៉ាងសកម្មជួយដល់ពលរដ្ឋដែលវិលពីប្រទេសថៃ និងដែលមានការលំបាកក្នុងជីវភាព និងការចូលរួមឧបត្ថម្ភគាំទ្រដល់ពលរដ្ឋភៀសសឹកនៅតាមតំបន់ព្រំដែនរងអំពើឈ្លានពានពីកងទ័ពថៃ។
ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រៀមលក្ខណៈផ្តល់ការគាំទ្រសម្រាប់សភាពការណ៍ចំពោះមុខ ដែលអាចមានការប្រែប្រួលក្នុងការលៈទេសៈ នៃការទប់ទល់អំពើឈ្លានពាន បង្កឡើងដោយកងទ័ពថៃ។
ក្នុងន័យនេះ ឯកឧត្តម បានគូសបញ្ជាក់ថាសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង មិនមែនត្រឹមតែទទួលខុសត្រូវ លើកិច្ចការរួមចំណែកជួយសង្គ្រោះពលរដ្ឋក្នុងខេត្តនោះទេ ក៏ប៉ុន្តែក៏គាំទ្រដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ពលរដ្ឋនៅតាមតំបន់ព្រំដែនផងដែរ។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកោតសរសើរចំពោះប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តព្រៃវែង ដែលថ្មីៗនេះបានចូលរួមគាំទ្រនូវថវិកាសម្ភារៈ ស្បៀងអាហារជាច្រើនមកដល់រដ្ឋបាលខេត្តសម្រាប់ការសម្របសម្រួលដឹកជញ្ជូន យកទៅផ្តល់ជូនដល់កងកម្លាំងជួរមុខ និងប្រជាពលរដ្ឋដែលជាជនភៀសសឹក ទាន់ពេលវេលា និងតម្រូវការ៕

You might also like