អាជ្ញាធរខេត្តរតនគិរី បន្តចុះរុករកប្រជាពលរដ្ឋចំនួន ៤នាក់ ដែលបាត់ខ្លួន ដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅ ក្នុងស្រុកអូរជុំ
រតនគីរី៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម នាង សំអាត អភិបាលរង នៃគណៈអភិបាលខេត្តរតនគីរី បានដឹកនាំកម្លាំងចម្រុះខេត្ត និងលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយសហការជាមួយនឹងកម្លាំង រដ្ឋបាលស្រុកអូរជុំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បន្តចុះរុករកប្រជាពលរដ្ឋចំនួន ៤នាក់ ដែលបានបាត់ខ្លួនដោយសារជំនន់ទឹកភ្លៀងហូរគួចយកទៅ នាយប់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ ២០២៥កន្លងទៅ។
ដោយស្ថានភាពភូមិសាស្ត្រពិបាក ទឹកអូរជ្រៅ និងស្ថានភាពទឹកហូរខ្លាំង មានត្រឹបព្រៃជាដុំៗដោយសារទឹកហូររមូរខ្លាំងធ្វើឱ្យការរុករកមានការពិបាក។ ដោយគិតមកទល់ពេលនេះ ប្រជាពលរដ្ឋដែលបាត់ខ្លួនចំនួន៤នាក់ នោះ ពុំទាន់បានរកឃើញនៅឡើយទេ។ អាជ្ញាធររដ្ឋបាលស្រុកអូរជុំ ក៏ដូចជា រដ្ឋបាលខេត្តរតនគិរី កំពុងដុតដៃដុតជើង ដឹកនាំកម្លាំងបន្តរុករក៕