ទំនប់ធំ២របស់ថៃ ជិតទប់លែងឈ្នះ ព្រោះព្យុះប៊ូឡូយ នៅតែជះឥទ្ធិពលខ្លាំង
ការិយាល័យធនធានទឹកជាតិរបស់ថៃ (ONWR) បានចេញការព្រមានថា ទំនប់ធំចំនួន២គឺ Bhumibol និង Sirikit ជិតទប់ទល់លែងឈ្នះហើយ ដូច្នេះមន្ត្រីជំនាញបានរៀបចំផែនការទម្លាយទឹកក្នុងកម្រិតខ្ពស់ ការពារការបាក់ធ្លាយទំនប់ ព្រោះឥទ្ធិពលព្យុះប៊ូឡូយ នឹងបង្អុរភ្លៀងធ្លាក់ខ្លាំងជាបន្តទៀត។
តាមការផ្សាយរបស់ The Nation កាលពីថ្ងៃអង្គារទី៣០ខែកញ្ញាឆ្នាំ២០២៥ បច្ចុប្បន្ន ទំនប់ Bhumibol កំពុងស្តុកទឹកឈានដល់៧៨.៤%នៃសមត្ថភាពរបស់ខ្លួន ចំណែកទំនប់ Sirikit ឈានដល់៨៨%ទៅហើយ។
ដូច្នេះហើយ អំឡុងពេលមួយសប្តាហ៍នេះ ទំនប់ Bhumibol ត្រូវបង្ខំបញ្ចេញទឹក១០លានម៉ែត្រគូបក្នុងមួយថ្ងៃ រីឯទំនប់ Sirikit ត្រូវបញ្ចេញ២០លានម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីទុកកន្លែងដាក់ទឹកថ្មី។
វិធានការបញ្ចេញទឹកនេះ នឹងធ្វើឲ្យតំបន់នៅតាមបណ្តោយខ្សែទឹកខាងក្រោមនៃដងទន្លេ Nan ត្រូវជន់លិចធ្ងន់ធ្ងរ ជាពិសេសខេត្ត Uttaradit តែម្តង។
ប្រទេសថៃ បានរងឥទ្ធិពលធ្ងន់ធ្ងរពីព្យុះ ប៊ូឡូយ ដោយបើតាមរបាយការណ៍របស់នាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ, តួលេខមនុស្សស្លាប់បានកើនឡើងដល់៧នាក់ហើយ គិតត្រឹមថ្ងៃអង្គារ។
ក្រៅពីមនុស្សស្លាប់ក៏នៅមានអ្នករងផលប៉ះពាល់ចំនួន ២៦៩ ៣៥១នាក់ ផងដែរ។
ទន្ទឹមនោះ ខេត្តចំនួន១៧ត្រូវជន់លិចធ្ងន់ធ្ងរដូចជា៖ Phitsanulok, Phetchabun, Phichit, Nakhon Sawan, Lampang, Amnat Charoen, Nong Bua Lamphu, Uthai Thani, Chai Nat, Sing Buri, Ang Thong, Suphan Buri, Ayutthaya, Pathum Thani, Nakhon Pathom, Chachoengsao និង Prachin Buri៕