ឯកឧត្តម គីម រិទ្ធី អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ និងប្រជាការពារ នៅភូមិពើក

( ព្រះវិហារ) ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដល់ ក្រុមប្រឹក្សាឃុំ កងកម្លាំងទាំង៣ និងប្រជាការពារ ដែលកំពុងប្រចាំការចាំជួយអន្តរាគមន៍ចម្លង និងដឹកជញ្ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់លិចផ្លូវ ស្ថិតនៅភូមិពើក ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់របស់កម្លាំងគ្រប់ជាន់ថ្នាក់ ដែលបានប្រឈមនឹងគ្រោះធម្មជាតិ ដោយមិនខ្លាចនឿយហត់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។

អំណោយដែលបាននាំយកទៅជូនកម្លាំងប្រចាំការនាពេលនេះ គឺដើម្បីលើកទឹកចិត្ត និងជាការរួមចំណែកជួយសម្រួលដល់ការលំបាក និងការហូបចុកប្រចាំថ្ងៃរបស់ក្រុមការងារសង្គ្រោះ ក្នុងពេលកំពុងបំពេញបេសកកម្ម។

ជាមួយគ្នានោះ ឯកឧត្ដមក៏បានណែនាំដល់ក្រុមការងារទាំងអស់ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពផ្ទាល់ខ្លួន ត្រូវត្រៀមលក្ខណៈជាស្រេច ទាំងកម្លាំង និងមធ្យោបាយ ដើម្បីបន្តជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា៕

You might also like