លោក Trump ៖ អាមេរិកនឹងដាក់ការដំឡើងពន្ធបន្ថែម១០០% លើការនាំចូលរបស់ចិន ចាប់ពីខែវិច្ឆិកា
លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកនឹងដាក់ការដំឡើងពន្ធបន្ថែម១០០ភាគរយលើការនាំចូលពីប្រទេសចិន និងដាក់ការត្រួតពិនិត្យការនាំចេញ Software សំខាន់ៗដែលផលិតនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា។
ក្នុងការបង្ហោះនៅលើបណ្តាញ Truth Social លោក Trump បាននិយាយថា «ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ (ឬឆាប់ជាងនេះទៅទៀត អាស្រ័យលើចំណាត់ការ ឬការផ្លាស់ប្តូរណាមួយដែលធ្វើឡើងដោយប្រទេសចិន) សហរដ្ឋអាមេរិកនឹងដាក់ការដំឡើងពន្ធ១០០ភាគរយលើប្រទេសចិន លើសនិងលើការដំឡើងពន្ធណាមួយដែលប្រទេសនេះកំពុងបង់នាពេលបច្ចុប្បន្ន»។
លោក Trump បាននិយាយថា ពន្ធបន្ថែម បូករួមទាំងការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិកលើ «Software សំខាន់ៗណាមួយ និងទាំងអស់» នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ក្នុងការសងសឹកចំពោះអ្វីដែលលោកបានហៅថា «ចំណាត់ការឈ្លានពានខុសពីធម្មតា» របស់ទីក្រុងប៉េកាំង។
លោកបាននិយាយនៅលើបណ្តាញ Truth Social ថា «វាមិនអាចជឿបានទេថាប្រទេសចិននឹងចាត់វិធានការបែបនេះ ប៉ុន្តែពួកគេបានធ្វើ ហើយទាំងអស់នោះគឺជាប្រវត្តិសាស្ត្រ»។ ទីផ្សារភាគហ៊ុនបានធ្លាក់ចុះខណៈសង្រ្គាមពាណិជ្ជកម្មដែលកំពុងឡើងកម្តៅរវាងសហរដ្ឋអាមេរិក និងចិន បានឆាបឆេះឡើងវិញ។
ទំនិញរបស់ចិនបច្ចុប្បន្នប្រឈមនឹងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចំនួន៣០ភាគរយនៅក្រោមការដំឡើងពន្ធដែលលោកTrump បានដាក់ ខណៈចោទប្រកាន់ទីក្រុងប៉េកាំងថាបានជួយដល់ការធ្វើពាណិជ្ជកម្មសារធាតុហ្វង់តានីល(fentanyl) និងជុំវិញការអនុវត្តអយុត្តិធម៌ដែលត្រូវបានចោទប្រកាន់ ដោយប្រទេសចិនដែលបានដំឡើងពន្ធសងសឹក១០ភាគរយ នាពេលបច្ចុប្បន្ន។