រុកចំនួន៨ ក្នុងខេត្តកំពង់ចាម រងផលប៉ះពាល់ដោយទឹកជំនន់

គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ មានស្រុកចំនួន៨ ស្មើនឹង ៤៧ឃុំ និង ១៤១ភូមិ ក្នុងខេត្តកំពង់ចាម រងផលប៉ះពាល់ដោយទឹកជំនន់។ នេះបើតាមរបាយការណ៍ នៃកិច្ចប្រជុំត្រួតពិនិត្យស្ថានភាពផលប៉ះពាល់ទឹកជំនន់ទន្លេមេគង្គ ដឹកនាំដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ដោយមានការចូលរួម ពីអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំងបី មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ស្រុកទាំង៨ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ទន្លេមេគង្គ និងទឹកភ្លៀង រួមមាន ស្រុកកំពង់សៀម ស្រុកស្ទឹងត្រង់ ស្រុកកោះសូទិន ស្រុកកងមាស ស្រុកស្រីសន្ធរ ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ។ ករណីនេះ បានបណ្ដាលឱ្យរងផលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ជាង ៤,០០០ គ្រួសារ នៅផ្ទះជាង ៣,០០០ ខ្នង ក្នុងនោះប្រជាពលរដ្ឋដែលបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន ៦២ គ្រួសារ ។ ជាមួយគ្នានេះចំពោះដំណាំស្រូវ រងផលប៉ះពាល់ជាង ៥,០០០ហិកតា ក្នុងនោះមានភាពប្រសើរឡើងវិញជាង ២០០ហិចតា រីឯដំណាំរួមផ្សំ បានរងផលប៉ះពាល់ជាង ៦០០ហិកតា។ រដ្ឋបាលខេត្តកំពង់ចាម បញ្ជាក់ទៀតថា ទឹកជំនន់ ក៏បានធ្វើឱ្យបាក់ច្រាំងទន្លេ ១៧លើក មានប្រវែងជាង ៥,០០០ ម៉ែត្រ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់កៅស៊ូ ផ្លូវបេតុង និងផ្លូវដី សរុបប្រវែង ១៣០,៩៩០ ម៉ែត្រ ផងដែរ ។
បន្ទាប់ពីបានស្ដាប់ស្ថានភាព អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ជំរុញឱ្យមន្ត្រីជំនាញ នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក៏ដូចជាអភិបាលស្រុក ដែលរងផលប៉ះពាល់នៃទឹកជំនន់នោះ ត្រូវរៀបចំឯកសារឱ្យបានច្បាស់លាស់ និងឆាប់រហ័ស ដើម្បីស្នើសុំទៅគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ធ្វើការស្ដារឡើងវិញ៕

You might also like