ភ្លៀងធ្លាក់ខ្លាំង នៅម៉ិកស៊ិក បណ្ដាលឲ្យមនុស្សជិត ៣០នាក់ស្លាប់

អាជ្ញាធរ កាលពីថ្ងៃសុក្រ (ទី១០ ខែតុលា) បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសម៉ិកស៊ិក បានបណ្តាលឲ្យមនុស្សយ៉ាងតិច ២៧នាក់ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនេះបានបង្កឲ្យមានបំនាក់ដីជាច្រើនកន្លែង កាត់ផ្តាច់អគ្គិសនី នៅក្នុងក្រុងមួយចំនួន និងបណ្តាលឲ្យទឹកទន្លេឡើងខ្ពស់ខ្លាំង។
អាជ្ញាធរការពារជនស៊ីវិល នៅក្នុងរដ្ឋ Hidalgo បានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ១៦នាក់យ៉ាងតិច ហើយបានបន្ថែមថា យ៉ាងហោចណាស់ផ្ទះចំនួន ១.០០០ខ្នង និងសាលារៀនរាប់រយខ្នង បានរងផលប៉ះពាល់។
ចំណែកអភិបាលរដ្ឋ Puebla លោក Alejandro Armenta បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៩នាក់ បានស្លាប់ដោយសារឧប្បត្តិហេតុផ្សេងៗ ដូចជាបំណាក់ដីជាដើម ហើយ ៥នាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថា បាត់ខ្លួន។ ជាមួយគ្នានេះ អាជ្ញាធរបានរាយការណ៍ពីការស្លាប់ ២នាក់ទៀត នៅរដ្ឋ Veracruz។
លោកស្រីប្រធានាធិបតី Claudia Sheinbaum បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «យើងកំពុងធ្វើការ ដើម្បីជួយដល់ប្រជាជន បើកផ្លូវ និងជួសជុលសេវាអគ្គិសនី»។ លោកស្រីបានចែករំលែករូបថតរបស់អ្នកជួយសង្គ្រោះបន្ទាន់ដែលដឹកសម្ភារៈផ្គត់ផ្គង់ នៅពេលដែលពួកគេបានដើរលុយទឹកលិចដល់ក្បាលជង្គង់ នៅតាមផ្លូវដែលមានទឹកជំនន់។
ក្រសួងការពារជាតិបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយបុគ្គលិកជាង ៥.៤០០នាក់ ដើម្បីជួយតាមដាន ជម្លៀស និងសម្អាតតំបន់ដែលរងផលប៉ះពាល់។
ទន្ទឹមនឹងនេះដែរ ព្យុះ Raymond និង Priscilla បាននឹងកំពុងនាំឲ្យមានភ្លៀងធ្លាក់ខ្លាំង នៅឧបទ្វីប Baja California និងឆ្នេរសមុទ្រប៉ាស៊ីហ្វិកខាងលិចរបស់ប្រទេស៕

You might also like