មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បញ្ជាក់ថា ការដោះលែងចំណាប់ថ្នូរ នឹងចាប់ផ្តើមនៅថ្ងៃចន្ទ
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស កាលពីថ្ងៃសៅរ៍ (ទី១១ ខែតុលា) បានប្រាប់ឲ្យដឹងថា ការដោះលែងចំណាប់ថ្នូរដែលភាគច្រើនជាជនជាតិអ៊ីស្រាអែលចំនួន ៤៨នាក់ ដែលត្រូវបានឃុំខ្លួនដោយក្រុមឧទ្ទាមប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា នឹងចាប់ផ្តើមនៅព្រឹកថ្ងៃចន្ទ (ទី១៣ ខែតុលា)។
លោក Osama Hamdan បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយថា៖ «យោងតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ការដោះដូរអ្នកទោស ត្រូវបានកំណត់ចាប់ផ្តើម នៅព្រឹកថ្ងៃចន្ទ ដូចដែលបានព្រមព្រៀងគ្នា ហើយមិនមានការវិវត្តថ្មី លើបញ្ហានេះទេ»។
លោក Hamdan បានបន្ថែមថា ក្រុមសកម្មប្រយុទ្ធហាម៉ាសនៅកន្លែង មិនទាន់បានជូនដំណឹងដល់ថ្នាក់ដឹកនាំនៃចលនានេះនៅឡើយទេ អំពីមធ្យោបាយដឹកចំណាប់ថ្នូរ។
បន្ទាប់ពីមានការវិលត្រលប់នៃអ្នកត្រូវបានចាប់ខ្លួនទាំងនោះពីតំបន់ហ្កាហ្សា អ៊ីស្រាអែលនឹងដំណើរការដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនប្រហែល ២.០០០នាក់ពីពន្ធនាគាររបស់ខ្លួន។ នេះបើយោងតាមលក្ខខណ្ឌនៃដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលត្រូវបានចុះហត្ថលេខាដោយភាគីទាំង២ ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក។
លោក Hamdan បាននិយាយថា៖ «បញ្ជីឈ្មោះអ្នកទោសប៉ាឡេស្ទីន ដែលគ្រោងនឹងដោះលែង នៅតែស្ថិតក្រោមការចរចា»។ មន្ត្រីរូបនេះបានឲ្យដឹងទៀតថា៖ «ការិយាល័យអ្នកទោសរបស់ក្រុមហាម៉ាស បានប្រាប់ថា រហូតមកដល់ពេលនេះ ដំណើរការមិនទាន់ត្រូវបានបញ្ចប់នៅឡើយ។ អ៊ីស្រាអែលនៅតែបដិសេធមិនបញ្ចេញឈ្មោះជាក់លាក់។ តែយ៉ាងណាក្ដី គណៈប្រតិភូចរចា កំពុងបន្តកិច្ចប្រឹងប្រែង ដើម្បីធានាឲ្យមានការដោះលែងពួកគេ»។
ជាមួយគ្នានេះ លោក Hamdan បានគូសបញ្ជាក់បន្ថែមថា នៅក្រោមកិច្ចព្រមព្រៀងនេះ ចំណុចចំនួន ៥កន្លែង ដែលអនុញ្ញាតឲ្យមានលំហូរជំនួយមនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងត្រូវបានបើក ហើយបានប្រាប់ថា ផ្លូវឆ្លងកាត់ Rafah រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប នឹងបើកឡើងវិញ «សម្រាប់ការធ្វើដំណើរទាំង ២ទិសដៅ ដែលត្រូវចាប់ផ្តើមពីថ្ងៃពុធ»៕