ឯកឧត្តម ខាន់ ម៉ាណេរ នាំយកអំណោយរបស់សម្តេច ស ខេង និងលោកជំទាវ ផ្ដល់ជូនអង្គភាពវរៈសេនាតូច៤១១ ចំណុះឱ្យកងពលតូចលេខ៤១ និងកងអនុសេនាតូចលេខ២
ភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ៥រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នេះ ប្រតិបត្តិតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ក្រុមការងារក្រឡាហោមមនុស្សធម៌ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ផ្ដល់ជូនអង្គភាពវរៈសេនាតូច៤១១ ចំណុះឱ្យកងពលតូចលេខ៤១ និងកងអនុសេនាតូចលេខ២ ចំណុះឱ្យសឹករងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ខាន់ ម៉ាណេរ បានពាំនាំប្រសាសន៍របស់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដើម្បីសាកសួរសុខទុក្ខ និងប្រសាសន៍ថ្លែងអំណរគុណកោតសរសើរចំពោះទឹកចិត្តកងកម្លាំងទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងដើម្បីការពារបូរណភាពទឹកដី។
ឯកឧត្តម ខាន់ ម៉ាណេរ មានប្រសាសន៍បន្តថា សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ នឹងបន្តយកចិត្តទុកដាក់ដើម្បីណែនាំឱ្យកម្លាំងសមរភូមិក្រោយបន្តរួមសុខទុក្ខ និងបន្តរឹតបន្តឹងសាមគ្គីភាពរវាងសមរភូមិមុខ និងសមរភូមិក្រោយក្នុងគោលដៅថែរក្សាស្ថិរភាព បូរណភាពទឹកដី និងឱកាសអភិវឌ្ឍន៍ជាតិប្រកបដោយនិរន្តរភាព «ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ»៕