លោកTrump ៖ សង្គ្រាមចប់ហើយនៅហ្កាហ្សា ខណៈលោកធ្វើដំណើរទៅអ៊ីស្រាអែល សម្រាប់ការដោះលែងចំណាប់ថ្នូរ

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សង្រ្គាមបានបញ្ចប់ហើយ ខណៈលោក ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីដោះលែងចំណាប់ខ្មាំងពីតំបន់ហ្កាហ្សា ក្រោមកិច្ចព្រមព្រៀងឈប់បាញ់ដែលបានព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
ថ្លែងនៅលើយន្តហោះ Air Force One លោកបាននិយាយថា បទឈប់បាញ់នឹងនៅតែជាធរមាន ហើយ ក្រុមប្រឹក្សាសន្តិភាព នឹងត្រូវបានបង្កើតឡើងយ៉ាងឆាប់រហ័សសម្រាប់ដែនដីហ្កាហ្សា ដែលលោកបាននិយាយថា មើលទៅដូចជាកន្លែងត្រូវបានវាយកម្ទេចចោល។
លោក Trump នឹងទៅដល់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ ជាទីដែលលោកនឹងថ្លែងសុន្ទរកថាទៅកាន់សភារបស់ប្រទេសនេះ។
លោកក៏បានកោតសរសើរចំពោះតួនាទីរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងប្រទេសកាតា មួយក្នុងចំណោមប្រទេសជាអ្នកសម្របសម្រួលផងដែរ។
ថ្ងៃផុតកំណត់សម្រាប់ក្រុមហាម៉ាសដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅតែជាប់ឃុំនៅតំបន់ហ្កាហ្សាគឺពាក់កណ្តាលថ្ងៃម៉ោងក្នុងស្រុកថ្ងៃចន្ទនេះ ។ក្រោយមកនៅថ្ងៃដដែល លោក Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបសម្រាប់កិច្ចប្រជុំកំពូលអន្តរជាតិដែលមានគោលបំណងបញ្ចប់សង្រ្គាមនេះ។
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៦៧.០០០នាក់ ត្រូវបានសម្លាប់ដោយសារការឆ្លើយតបដោយយោធារបស់អ៊ីស្រាអែល រួមទាំងកុមារជាង ១៨.០០០នាក់ផងដែរ។
បទឈប់បាញ់នៅតំបន់ហ្កាហ្សាបានចូលជាធរមាននៅព្រឹកថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានយល់ព្រមលើដំណាក់កាលដំបូងនៃផែនការសន្តិភាព២០ ចំណុចដែលសម្របសម្រួលដោយលោក Trump ដោយដំណាក់កាលបន្ទាប់នៅតែត្រូវចរចា៕

You might also like