គ្រោះថ្នាក់ចរាចរណ៍ រវាងឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅត្រង់ចំណុចស្តុបផ្លូវ៦០ម៉ែត្រប្រសព្វផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ

ភ្នំពេញ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបង្កឡេីងកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្តុបផ្លូវ៦០ម៉ែត្រប្រសព្វផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ១-ភាគីរថយន្តម៉ាក HYUNDAI ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ រដ្ឋ07 3-0284 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ រត់បាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត, ២-ភាគីម៉ូតូម៉ាក HONDA WAVE ផ្លាកលេខ ភ្នំពេញ 1HW-2939 បើកបរដោយឈ្មោះ លី គីមសុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំេពញ (ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្តិភាព) ។

មុនពេលកេីតហេតុរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានមកបុកម៉ូតូចំជំហៀងខាងឆ្វេងបណ្តាយបោកដួលស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ដោយមូលហេតុ មកពីភាគីម៉ូតូ បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ។

គ្រោះថ្នាក់ចរាចរណ៍នេះ ប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

You might also like