ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះយកគ្រឿងអលង្ការ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌសែនសុខនិងស្រុកអង្គស្នួលស្រាវជ្រាវហើយឈានទៅឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះយកគ្រឿងអលង្ការនៅក្នុងមូលដ្ឋានខណ្ឌសែនសុខហើយគេចខ្លួនបានតែ ៤ថ្ងៃ។
ជនសង្ស័យរូបនោះឈ្មោះ សីន ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ។ចំណែកជនរងគ្រោះ១-ឈ្មោះ ត្រោក រស្មី ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅ នៅភូមិដីថ្មី សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៥ វេលា ម៉ោង០៩និង៤០នាទី មានករណី លួចមានស្ថានទម្ងន់ទោស(គាស់ទម្លុះ ទម្លាយលួចលុយ និងគ្រឿងអលង្ការ)នៅចំណុចផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។បន្ទាប់ពីធ្វើសកម្មភាពបានសម្រេចជនសង្ស័យបានគេចខ្លួនហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចមូលដ្ឋាន។
ដោយ អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ និងបញ្ជារផ្ទាល់ ដោយឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ, កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលបាន សហការជាមួយអធិការនគរបាលខណ្ឌសែនសុខបានធ្វើការស្រាវជ្រាវហើយឈានទៅសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលនៃស្នងការដ្ថាននគបាលខេត្តកណ្តាល ហើយឈានទៅឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង១៧និង២០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្តុបកែងផ្សារបែកចាន ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏បានដកហូតគ្រឿងអលង្ការនិងប្រាក់មួយចំនួនផងដែរ។ទោះបីជាយ៉ាងណាសមត្ថកិច្ចពុំបានឲ្យដឹងពីចំនួនគ្រឿងអលង្ការនិងប្រាក់ដែលត្រូវជនសង្ស័យគាស់លួចយកនោះឡើយ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិត ស្រាលរាជធានីភ្នំពេញ នាំខ្លួនមកសាកសួរនិងចាត់ការតាមនីតិវិធី ៕