ក្រុមហាម៉ាស ចាប់ផ្តើមដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ក្រោមបទឈប់បាញ់ថ្មីនៅតំបន់ហ្កាហ្សា

អ៊ីស្រាអែល បាននិយាយនៅថ្ងៃចន្ទ ទី១៣ ខែតុលា នេះថា ក្រុមហាម៉ាស បានប្រគល់ចំណាប់ថ្នូរ ៧នាក់ដំបូង ទៅឱ្យមន្រ្តីកាកបាទក្រហមរួចហើយ នៅក្នុងដំណាក់កាលទីមួយនៃបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហាម៉ាស នៅដែនដីហ្កាហ្សាស្រ្ទីប។
គួរឱ្យដឹងថា ចំណាប់ថ្នូរនៅសេសសល់ក្នុងដៃក្រុមហាម៉ាស ទាំងអស់មាន ៤៨នាក់ ហើយ ២០នាក់ ក្នុងចំណោមនោះ ដែលត្រូវគេជឿថានៅមានជីវិត គឺស្ថិតក្នុងការដោះលែងមុនគេ ខណៈសាកសពអ្នកស្លាប់នឹងត្រូវដោះដូរជាបន្តបន្ទាប់នៅពេលក្រោយទៀត។
យោងតាមវេទិកាគ្រួសារចំណាប់ថ្នូររបស់អ៊ីស្រាអែល បានឱ្យដឹងថា អ្នកដែលត្រូវបានដោះលែងទាំងនោះរួមមាន អ្នកទី១ ឈ្មោះ Eitan Mor អ្នកទី២ Gali, ទី៣គឺ Ziv Berman, ទី៤ឈ្មោះMatan Engerst, ទី៥ Omri Miran, ទី៦ Guy Gilboa Dalal និងអ្នកទី៧ឈ្មោះ Alon Ohel ។
ក្រុមគ្រួសារ និងមិត្តភក្តិរបស់ចំណាប់ថ្នូរអបអរសាទរយ៉ាងរីករាយបំផុត នៅពេលដែលប៉ុស្តិ៍ទូរទស្សន៍អ៊ីស្រាអែល បានប្រកាសថា ចំណាប់ថ្នូរនៅក្នុងដៃរបស់មន្រ្តីកាកបាទក្រហមរួចទៅហើយ។ ប្រជាជនអ៊ីស្រាអែល រាប់ម៉ឺននាក់កំពុងរង់ចាំមើលការដោះដូរនេះយ៉ាងអន្ទះសារតាមការចាក់ផ្សាយជាសាធារណៈនៅទូទាំងប្រទេស ដោយព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយនឹងការប្រមូលផ្ដុំគ្នាទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើងនៅទីក្រុង Tel Aviv។
នៅក្រោមកិច្ចព្រមព្រៀងនេះ អ៊ីស្រាអែល ត្រូវបានរំពឹងថានឹងដោះលែងអ្នកទោសប៉ាឡេស្ទីនពីពន្ធនាគាររបស់ខ្លួនដល់ទៅជិត ២ពាន់នាក់ ក្រោយការទទួលបានចំណាប់ថ្នូរ នៅល្ងាចថ្ងៃចន្ទដដែលនេះ៕

You might also like