រឿងចាក់សំឡេងខ្មោច! ទីប្រឹក្សាសិទ្ធិមនុស្សថៃ បន្ទោស Jom Phalang ថា កំពុងបង្ករឿងធំ ធ្វើឲ្យស្អុយកេរ្តិ៍ឈ្មោះប្រទេស

លេចចេញសញ្ញាបែកបាក់គ្នាជាបន្តបន្ទាប់នៅក្នុងប្រទេសថៃ ព្រោះថា ពេលនេះមានបុគ្គលម្នាក់ទៀតហើយបានចេញមុខរិះគន់ Kan Jom Phalang ដែលដឹកនាំការចាក់សំឡេងខ្មោចនៅលើទឹកដីកម្ពុជា។

នៅថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធមនុស្សថៃ Sunai Phasuk បានបង្ហោះសារលើបណ្តាញសង្គម X បានដាក់ការស្តីបន្ទោសចំៗទៅលើ Jom Phalang ថា បុគ្គលម្នាក់នេះកំពុងបំផ្លាញកេរ្តិ៍ឈ្មោះថៃហើយ ដោយសារតែចាក់សំឡេងខ្មោច។ វាក្លាយជារឿងធំហើយ! កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងអ្នកសង្កេតការណ៍អន្តរជាតិ ដើម្បីស្នើសុំការស៊ើបអង្កេតទៅលើការប្រើប្រាស់ឧបករណ៍បំពងសំឡេងដ៏ធំរបស់ថៃ ដើម្បីចាក់សំឡេងខ្មោច និងសំឡេងយន្តហោះ ដែលបង្កការរំខាននិងភ័យខ្លាចដល់សហគមន៍នៅតាមព្រំដែនថៃ-កម្ពុជា។ សកម្មភាពនេះគឺជាការគំរាមកំហែងផ្លូវចិត្តដល់ជនស៊ីវិល វាជារឿងខុសឆ្គងយ៉ាងច្បាស់ក្រឡែត។ តើអ្នកណាបានផ្តល់ភ្លើងបៃតងឲ្យ Jom Phalang?
លោកបន្តថា «ចប់បាត់ហើយ! នាយករដ្ឋមន្ត្រី Anutin និងយោធា បែរជាទៅគាំទ្រ Kan Jom Phalang ទៅវិញ។ នេះប្រៀបដូចជាការបំផ្លាញកិច្ចខិតខំរបស់មន្ត្រីការទូត ដែលពឹងលើការគោរពច្បាប់អន្តរជាតិដើម្បីធ្វើឲ្យថៃស្របច្បាប់ និងប្រឆាំងកម្ពុជាលើបញ្ហាកន្លងមកទាំងអស់ទាក់ទងជម្លោះព្រំដែន។
ជុំវិញរឿងនេះ សមាជិកព្រឹទ្ធសភាថៃលោកស្រី Angkhana Neelapaijit ក៏បានស្នើដល់រដ្ឋាភិបាលទីក្រុងបាងកក ត្រូវពិនិត្យលើករណីដែលបុគ្គល Kan Chom Phalang ប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យដែរ។
លោកស្រី Angkhana និយាយថា៖ «រាជរដ្ឋាភិបាលថៃគួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តិមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលថៃជារដ្ឋភាគី»៕

You might also like