ឯកឧត្តម Dato’ Seri Ahamad Zahid Hamidi អញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី១៣
នាយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស, ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ឆ្នាំ២០២៥ បានអញ្ជើញទទួលបដិសណ្ឋាកិច្ចស្វាគមន៍យ៉ាងកក់ក្តៅនៃការអញ្ជើញដល់របស់ ឯកឧត្តម Dato’ Seri Ahamad Zahid Hamidi ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍តំបន់ និងជនបទម៉ាឡេស៊ី និងគណៈប្រតិភូ ដើម្បីបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
ឯកឧត្តម Dato’ Seri Ahamad Zahid Hamidi នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី១៣ និងសន្និសីទនៃភាគីអាត់ម៊ែរ លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជានឹងធ្វើជាម្ចាស់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គ.ជ.គ.ម៕