ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ក្នុងរយៈពេល៩ខែឆ្នាំនេះ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ, មានទំហំទឹកប្រាក់ប្រមាណជាង ៩ ៥៦០ លាន ដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះ បានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញ របស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក់ស្តែងនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់ លានដុល្លារអាម៉េរិក កើនឡើងជិត ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើងជិត ១៣ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។
ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ, ការធ្វើពាណិជ្ជកម្ម ប្រទេសទាំងពីរ មានទំហំទឹកប្រាក់សរុបជាង ៩ ៥៦០ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នា និងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញទៅអាម៉េរិក មានទឹកប្រាក់ជិត ៩ ៣០០ លានដុល្លារអាម៉េរិក កើនឡើង ២២ ភាគរយ ខណៈការចូលពីអាម៉េរិកមកកម្ពុជាវិញ មានទឹកប្រាក់ជាង ២៧៣ លានដុល្លារដុល្លារអាម៉េរិក កើនឡើងជិត ៤៧ ភាគរយ។
សូមបញ្ជាក់ថា ចំពោះប្រភេទទំនិញសំខាន់ៗដែលសហរដ្ឋអាម៉េរិកបានកំពុងគាំទ្រដល់កំណើនខ្ពស់ នៃការនាំចេញរបស់កម្ពុជារួមមាន៖ ការនាំ ចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។ ដោយឡែកការនាំចូលពី សហរដ្ឋអាម៉េរិកវិញមានដូចជា៖ យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត៕