កម្ពុជា-ម៉ាឡេស៊ី សន្យាបន្ដកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

នៅក្នុងកិច្ចជំនួប នារសៀលថ្ងៃទី១៤ ខែតុលានេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមDato’ Seri Zahid Hamidi ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ និងជាប្រធានគណៈកម្មាធិការរដ្ឋមន្ត្រីលុបបំបាត់គ្រឿងញៀនម៉ាឡេស៊ីបានសន្យារួមគ្នាបន្ដកិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខណៈភាគីទាំងពីរបានយល់ឃើញដូចគ្នាថា អ្នកប្រើប្រាស់គ្រឿងញៀន គឺសុទ្ធតែជាជនរងគ្រោះ។

ក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនេត សាវឿន បានលើកឡើងថា ក្នុងនាមជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមបានគូសបញ្ជាក់ថា សម្រាប់កម្ពុជា ក៏មិនខុសពីប្រទេសដ៏ទៃបញ្ហាគ្រឿងញៀន មិនទាន់ថមថយដោយសារកម្ពុជា នៅជិតតំបន់ត្រីកោណមាស ប៉ុន្ដែយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ គឺកំណត់អាទិភាពលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនោះមានទាំងវិធានការផ្សព្វផ្សាយអប់រំ អនុវត្តច្បាប់ និងជំរុញកិច្ចសហប្រតិបត្តិការអន្ដរជាតិផងដែរ។
ឯកឧត្តមសន្ដិបណ្ឌិត បានជម្រាបជូនភាគីម៉ាឡេស៊ី អំពីយុទ្ធសាស្ដ្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយរួមមានការបង្កើតគណៈកម្មការអន្ដរស្ថាប័ន និងប្រជាពលរដ្ឋក្នុងសង្គមទាំងមូល និងការប្រើប្រាស់យុទ្ធសាស្ដ្រផ្សព្វផ្សាយអប់រំ បន្ថែមពីលើការអនុវត្តច្បាប់ សំដៅពង្រឹង និងបង្កើនប្រសិទ្ធភាពការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្នុងនោះក៏មានការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនការយល់ដឹង និងការរាយការណ៍ពីប្រជាពលរដ្ឋមកកាន់សមត្ថកិច្ចផងដែរ។
នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម Dato’ Seri Dr. Amad Zahid Hamidi បានថ្លែងអំណរគុណដល់ឯកឧត្តមសន្ដិបណ្ឌិត ដែលជាអតីតអគ្គស្នងការនគរបាលជាតិ ដែលបានជម្រាបជូនពីបញ្ហាគ្រឿងញៀននៅកម្ពុជា។ ក្នុងនាមលោកជាប្រធានគណៈកម្មាធិការរដ្ឋមន្ត្រី លុបបំបាត់គ្រឿងញៀនម៉ាឡេស៊ី (Cabinet Committee on Eradication of Drugs-JKMD) និងជាអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគ្រប់គ្រង លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារអន្តោប្រវេសន៍ ហើយលោកបានដឹងច្បាស់ពីបញ្ហានេះ ដែលបញ្ហាគ្រឿងញៀន គឺចាត់ទុកជាបញ្ហាសកលដែលយើងត្រូវរួមគ្នាដោះស្រាយ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីម៉ាឡេស៊ីបានទទួលស្គាល់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាសកល ហើយបច្ចុប្បន្នគ្រឿងញៀនមិនប្រពៃណី ត្រូវបានប្រែក្លាយមកជាគ្រឿងញៀនសំយោគវិញ។ នៅម៉ាឡេស៊ី ជាប្រទេសមានរដ្ឋច្រើន ហើយមានរដ្ឋប៉ែកខាងកើតមានរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងគ្រឿងញៀនច្រើនជាងគេ ហើយម៉ាឡេស៊ីមានអ្នកញៀនគ្រឿងញៀនភាគច្រើន អាយុក្រោម៣៥ឆ្នាំ។ ឯកឧត្តមក៏បានចែករំលែកបទពិសោធន៍ថា ប្រទេសម៉ាឡេស៊ីបានកែប្រែវិធីសាស្ត្រ ក្នុងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយប្រើវិធីសាស្ដ្របន្សាប តាមរយៈលើកកម្ពស់ផ្លូវអារម្មណ៍របស់អ្នកញៀនគ្រឿងញៀន និងបណ្ដុះបណ្ដាលពួកគេឲ្យមានជំនាញវិជ្ជាជីវៈ ដើម្បីអាចចូលរួមក្នុងសង្គមឡើងវិញ និងកំណត់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាការងារម៉ាឡេស៊ី៕

You might also like