លោក Trump និយាយថា ពួកលោកនឹងដកអាវុធពីក្រុមហាម៉ាស និងជំរុញឱ្យបញ្ជូនសាកសពនៅសេសសល់ពីហ្កាហ្សាមកវិញ
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ១៤ តុលា ថា ពួកលោកនឹងដកអាវុធរបស់ក្រុមហាម៉ាស ប្រសិនបើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ មិនព្រមរំសាយអាវុធដោយខ្លួនឯង ខណៈលោកបានអំពាវនាវឱ្យក្រុមនេះបញ្ជូនសាកសពចំណាប់ខ្មាំងទាំងអស់ពីតំបន់ហ្កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា ក្រុមហាម៉ាសបានបញ្ជូនសាកសពចំណាប់ខ្មាំង៤នាក់ តាមរយៈកកាបាទក្រហមកាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ និងបានមកដល់ទីក្រុង Tel Aviv ហើយ ។
ការអត្ថាធិប្បាយរបស់លោក Trump បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាដើម្បីអបអរសាទរកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដោយមានសំណួរជាច្រើនជុំវិញដំណាក់កាលបន្ទាប់នៃកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានអំពីក្រុមហាម៉ាស ប៉ុន្មានម៉ោងបន្ទាប់ពីត្រឡប់មកពីអ៊ីស្រាអែល និងអេហ្ស៊ីប វិញ ថា ពួកគេនឹងដកអាវុធ ព្រោះពួកគេនិយាយថាពួកគេនឹងដកអាវុធ។ ហើយប្រសិនបើពួកគេមិនដកអាវុធទេ នោះពួកលោកនឹងដកអាវុធជំនួសពួកគេ។ បញ្ហានេះនឹងកើតឡើងយ៉ាងឆាប់រហ័ស ហើយប្រហែលជាមានអំពើហិង្សា ប៉ុន្តែពួកគេនឹងដកហូតអាវុធ។
រហូតមកដល់ពេលនេះ ក្រុមហាម៉ាស បានបដិសេធមិនព្រមដកអាវុធ បើទោះបីជាវាជាផ្នែកសំខាន់នៃដំណាក់កាលបន្ទាប់នៃផែនការ២០ ចំណុចរបស់លោក Trump សម្រាប់បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែងនៅមជ្ឈិមបូព៌ាក៏ដោយ។
លោក Trump ពុំបានបញ្ជាក់លម្អិតថាតើនរណាដែលលោកចង់មានការពាក់ព័ន្ធនឹងការរំសាយអាវុធរបស់ក្រុមហាម៉ាស ឬថាតើវានឹងរួមបញ្ចូលកងកម្លាំងអាមេរិកដែរឬទេ ប៉ុន្តែលោកបានបន្ថែមថា អ្នកដឹងហើយថារូបលោកមិនលេងហ្គេមទេ៕