ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ឆេះរោងចក្រកាត់ដេរនៅបង់ក្លាដែស កើនឡើងជាង១០នាក់ ហើយចំនួនអាចកើនឡើងថែមទៀត

ក្រុមមន្ត្រីបាននិយាយថា អគ្គិភ័យមួយបានឆាបឆេះរោងចក្រកាត់ដេរមួយកន្លែង នៅក្នុងប្រទេសបង់ក្លាដែស និងឃ្លាំងស្តុកសារធាតុគីមីមួយនៅក្បែរនោះ កាលពីថ្ងៃអង្គារ១៤តុលា ដោយបានបណ្ដាលឲ្យអ្នកស្លាប់កើនឡើងដល់១៦នាក់ និងមួយចំនួនរងរបួស។
ពួកគេបានបន្ថែមថា ចំនួនអ្នកស្លាប់ត្រូវគេរំពឹងថានឹងកើនឡើង ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅតែបន្ត។
នាយកដ្ឋានសេវាកម្មពន្លត់អគ្គិភ័យ និងការពារជនស៊ីវិល បាននិយាយថា អគ្គិភ័យ បានចាប់ផ្តើមនៅជាន់ទី៣ នៃរោងចក្រកម្ពស់ ៧ជាន់ក្នុងតំបន់ Mirpur របស់ទីក្រុង Dhaka មុនពេលរាលដាលដល់ឃ្លាំងផ្ទុកសារធាតុគីមី ដែលស្តុកម្សៅពណ៌ ប្លាស្ទិក និងអ៊ីដ្រូសែនប៉េរ៉ូស៊ីត ។
រថយន្តមកពីអង្គភាពពន្លត់អគ្គិភ័យចំនួន ៨ គ្រឿង បានគ្រប់គ្រងសា្ថនការណ៍នៃអគ្គិភ័យនៅរោងចក្រនោះ បន្ទាប់ពីឆាបឆេះរយៈពេលជិត ៣ ម៉ោង ទោះបីភ្លើងនៅតែបន្តឆេះនៅក្នុងឃ្លាំងនោះក៏ដោយ។
ស្តង់ដារសុវត្ថិភាពអគារ និងការទប់ស្កាត់អគ្គិភ័យ មិនល្អ នាំឱ្យគ្រោះមហន្តរាយបែបនេះរាប់សិបលើកកើតឡើងនៅក្នុងប្រទេសបង់ក្លាដែសជារៀងរាល់ឆ្នាំ ហើយគ្រោះថ្នាក់នាពេលកន្លងមកបានធ្វើឱ្យខូចគុណភាពផ្នែកវាយនភណ្ឌដ៏រឹងមាំ ដែលមានបុគ្គលិករាប់លាននាក់ និងបង្កើតបានច្រើនជាង១០% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន៕

You might also like