ឆ្លងចរន្តអគ្គីសនី បណ្តាលឱ្យឆាបឆេះផ្ទះស្លាប់ក្មេងប្រុសស្រី២នាក់ បងប្អូន
ខេត្តតាកែវ ៖ ក្មេងប្រុសស្រីចំនួន២នាក់បានឆេះស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម៌ជាទីបំផុត ។ ហេតុការណ៍នេះបានកើតឡើងនៅភូមិកណ្តោល ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ នៅ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ក្មេងរងគ្រោះទាំង 2 នាក់រួមមានឈ្មោះ ,១.ទូច ចាន់ដារ៉ា ភេទប្រុស អាយុ ៦ ឆ្នាំនិង២.ឈ្មោះ ទូច ចាន់ណារី ភេទស្រី អាយុ០៣ឆ្នាំ។
តាមសម្តីរបស់ឈ្មោះ ហ៊ុន ហុកលី ត្រូវជាប្អូនរបស់ម្ចាស់ផ្ទះដែលឆេះបានឲ្យដឹងថា នៅវេលាទាបភ្លឺវេលាម៉ោង ៣មិង៤០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ គាត់បានចុះទៅនោម ហើយក៏ឡើងលើផ្ទះវិញរួចចុចទូរសព្ទលេង ស្រាប់តែលឺសូរ ផ្ទុះ ផេះៗ នៅផ្ទះបងរបស់គាត់ បានបន្តិចក៏ឮសូរផ្ទុះខ្លាំង។ គាត់បានស្ទុះទៅមើលក៏ឃើញឆេះខ្លាំង និងឮសូរក្មួយរបស់គាត់ស្រែក នៅផ្ទះដែលកំពង់ឆេះ គាត់ក៏បានយកភួយជ្រលក់ទឹកបម្រុងចូលជួយសង្គ្រោះក្មួយ ប៉ុន្តែភ្លើងឆេះខ្លាំងពេក ក៏ចូលជួយមិនបាន ក៏បានយកទឹកជះដើម្បីជួយពន្លត់ភ្លើង ហើយក៏បានអ្នកជិតខាងជួយដងទឹកពន្លត់ដែរ តែពេលភ្លើងរលត់ក្មួយរបស់ខ្ញុំទាំងពីរបានឆេះស្លាប់បាត់ទៅហើយ។
យោងតាមការពិនិត្យនៅកន្លែងកើតហេតុ និងសាកសព សមត្ថកិច្ចបានសន្និដ្ឋានថាសាកសពពិតជាបានស្លាប់ដោយសារការឈ្លក់ផ្សែងភ្លើងស្លាប់ប្រាកដមែន មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។ សាកសពត្រូវបានប្រគល់ឲ្យឪពុក ម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកករណីនេះសមត្ថកិច្ចកំពុងបន្តនីតិវិធី៕