លោក Trump ព្រមានពី “មហន្តរាយសេដ្ឋកិច្ច” ចំពោះអាមេរិក បើតុលាការកំពូលសម្រេចប្រឆាំងនឹងពន្ធ
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (១០ វិច្ឆិកា) បានព្រមានខ្លាំងៗថា សហរដ្ឋអាមេរិក នឹងប្រឈមគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើតុលាការកំពូល ចេញសេចក្ដីសម្រេចប្រឆាំងនឹងការប្រើប្រាស់ច្បាប់អំណាចគ្រាអាសន្នរបស់លោក ក្នុងការដំឡើងពន្ធ លើស្ទើរតែគ្រប់ប្រទេសទាំងអស់ជុំវិញពិភពលោក។
លោក Trump បាននិយាយថា រដ្ឋបាលរបស់លោក គ្រោងនឹងចេញប្រាក់ទូទាត់ចំនួន ២ពាន់ដុល្លារ ឱ្យដល់ប្រជាជនអាមេរិកទាំងឡាយណាដែលមានចំណូលទាបនិងមធ្យម ដោយប្រើភាគលាភពីពន្ធគយនេះ ហើយប្រើចំណូលដែលនៅសេសសល់ ដើម្បីកាត់បន្ថយបំណុលជាតិរបស់សហរដ្ឋអាមេរិក។
លោកក៏បានជំទាស់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអំពីតួលេខពន្ធប្រមូលបាន ដែលរដ្ឋាភិបាលអាមេរិកអាចនឹងត្រូវសងទៅវិញ ប្រសិនបើតុលាការកំពូល ចេញសេចក្ដីសម្រេចគាំទ្រតុលាការជាន់ទាប ដែលថា ពន្ធគយរបស់លោក Trump គឺខុសច្បាប់។
គេនៅតែមិនច្បាស់ឡើយថា នៅពេលណាដែលតុលាការកំពូលនឹងចេញសេចក្ដីសម្រេច ហើយថា តើក្រុមហ៊ុននានានឹងមានសិទ្ធិទទួលបានសំណងវិញឬទេ ដែលច្រើនជាង ១០០ពាន់លានដុល្លារ នៅក្នុងពន្ធដែលបានបង់មកទល់ពេលនេះ ប្រសិនបើលោក Trump ចាញ់ក្ដីក្នុងតុលាការ។ លោក Trump កាលពីថ្ងៃចន្ទ បាននិយាយថា ការប៉ាន់ប្រមាណទាំងនោះគឺទាបពេកហើយ ហើយការសងត្រលប់នឹងលើសពី ២សែនកោដិដុល្លារ ក្នុងចំណូលពន្ធគយ និងការវិនិយោគ។ លោកព្រមានថា “នឹងមានគ្រោះមហន្តរាយសេដ្ឋកិច្ច និងសន្តិសុខជាតិ ប្រសិនបើរដ្ឋបាលលោកចាញ់ក្ដីនេះ”៕






