ម៉ាឡេស៊ី បន្តស្វែងរកជនរ៉ូហ៊ីងយ៉ាដែលបាត់ខ្លួន ខណៈអ្នកស្លាប់ក្នុងការលិចទូក ឡើងលើស ២០នាក់

កងល្បាតរបស់ម៉ាឡេស៊ី កំពុងតែបន្តប្រតិបត្តិការស្វែងរកក្នុងដែនទឹកនៃសមុទ្រ Andaman កាលពីថ្ងៃចន្ទ (១០វិច្ឆិកា) ដើម្បីតាមរកសមាជិករាប់សិបនាក់ទៀតនៃជនជាតិភាគតិចរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា បន្ទាប់ពីទូកមួយគ្រឿងដែលដឹកពួកគេ បានលិចជិតព្រំដែនសមុទ្រម៉ាឡេស៊ី-ថៃ កាលពីសប្តាហ៍មុន ហើយទូកមួយគ្រឿងទៀតបានបាត់ស្រមោល។
ប្រធានតំបន់នៃទីភ្នាក់ងារដែនសមុទ្រម៉ាឡេស៊ី លោក Romli Mustafa បានប្រាប់អ្នកយកព័ត៌មានថា គិតត្រឹមថ្ងៃចន្ទ សាកសពយ៉ាងតិច ២១នាក់ ត្រូវបានរកឃើញ ចាប់តាំងពីទូកបានលិចកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក ពោលគឺសព ១២នាក់ រកឃើញនៅម៉ាឡេស៊ី និង ៩នាក់នៅខាងថៃ ដែលជាអ្នកជិតខាង ហើយប្រតិបត្តិការស្វែងរកកំពុងបន្ត។
លោកបានព្រមានថា ប្រសិនបើគ្មានអាវពោងទេ មនុស្សជាច្រើនដែលធ្លាក់ចូលទឹក ប្រហែលជាពិបាករស់រានខ្លាំងណាស់ក្នុងពេល ២៤ម៉ោង ប៉ុន្តែអ្នកខ្លះប្រហែលជាអាចតោងវត្ថុអណ្តែតទឹក ហើយរហូតមកទល់ពេលនេះ មានអ្នករួចជីវិតតែ ១៣នាក់ ប៉ុណ្ណោះ។
យោងតាមលោក Khairul Azhar Nuruddin ប្រធាននគរបាលនៅកោះ Langkawi ភាគខាងជើងម៉ាឡេស៊ី ដែលជាតំបន់នៃប្រតិបត្តិការស្វែងរក បានឱ្យដឹងថា ដំបូងឡើយ ជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានឡើងជិះកប៉ាល់ធំមួយគ្រឿងឆ្ពោះទៅម៉ាឡេស៊ី កាលពី ២សប្តាហ៍មុន ប៉ុន្តែត្រូវផ្ទេរទៅទូកតូចៗចំនួន ២គ្រឿង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ អាជ្ញាធរម៉ាឡេស៊ីនិយាយថា ក្នុងនោះ ទូកតូចមួយគ្រឿង ផ្ទុកមនុស្សប្រហែល ៧០នាក់ បានលិចនៅជិតកោះ Langkawi ក្នុងថ្ងៃដដែល ហើយជោគវាសនាទូកមួយគ្រឿងទៀតដែលផ្ទុកអ្នកដំណើរ ២៣០នាក់ នៅតែមិនច្បាស់នៅឡើយ៕

You might also like