អ្នករាយការណ៍ពិសេសរបស់ UN នៅកម្ពុជា ៖ គាំទ្រវិធានការសន្តិភាពរវាងកម្ពុជា-ថៃ និងជំរុញការអនុវត្តបទឈប់បាញ់

(ហ្សឺណែវ)៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn កាលពីថ្ងៃចន្ទ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសន្តិភាព និងវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីទីក្រុងហ្សឺណែវ។
លោក Muntarbhorn បានមានប្រសាសន៍ថា «វិធានការកសាងទំនុកចិត្តណាមួយដែលជួយកសាងស្ពានរវាងជាតិសាសន៍ សមនឹងទទួលបានការគាំទ្ររបស់យើង»។ លោកបានសង្កត់ធ្ងន់ថា ជនស៊ីវិលដែលរងផលប៉ះពាល់ដោយស្ថានភាពនៅព្រំដែន គួរតែទទួលបានជំនួយស្របតាមស្តង់ដារសិទ្ធិមនុស្ស។
អ្នកជំនាញជនជាតិថៃរូបនេះ បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ដែលភាគីពាក់ព័ន្ធបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០២៥។ លោកបានគូសបញ្ជាក់ថា «ការអនុវត្តកិច្ចព្រមព្រៀងនោះឱ្យមានប្រសិទ្ធភាព ដោយផ្អែកលើការសន្ទនា និងការអនុវត្តមនុស្សធម៌ គឺចាំបាច់ណាស់…នេះត្រូវតែអមដោយការកាត់បន្ថយភាពតានតឹង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។
លោកក៏បានសម្តែងការគាំទ្រចំពោះសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ កាលពីខែតុលា ឆ្នាំ២០២៥ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តលើបញ្ហាសំខាន់ៗ រួមទាំងការការពារជនស៊ីវិល និងអ្នកទោសសង្គ្រាម។ ជាមួយគ្នានេះ លោកបានអំពាវនាវឱ្យបង្កើនវិធានការទប់ស្កាត់ព័ត៌មានមិនពិត និងការបំភ្លៃព័ត៌មានឱ្យបានអតិបរមា៕

You might also like