រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ក្នុងឱកាសបំពេញទស្សនកិច្ចរបស់ឯកឧត្ដម វីនស្តុន ភីធឺរ នឹងអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្ដម វីនស្តុន ភីធឺរ ក៏នឹងជួបទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា លើវិស័យដែលមានសក្តានុពលបម្រើផលប្រយោជន៍រួម។
ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ ឯកឧត្ដម វីនស្តុន ភីធឺរ នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ៕






