តំណាងក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើកទី៦០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥–ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាតំណាងកម្ពុជាក្នុងនាមជាប្រធានគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើកទី៥៩ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជាដែលមានសមាសភាពមកពីក្រសួងព័ត៌មាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI) លើកទី៦០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបានបង្ហាញអំពីលទ្ធផលការងាររបស់អនុគណៈកម្មាធិការវប្បធម៌ (SCC) ដែលតំណាងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអនុគណៈកម្មាធិការព័ត៌មាន (SCI) ដែលតំណាងដោយក្រសួងព័ត៌មាន។ ក្នុងវិស័យព័ត៌មាន SCI សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់លើគម្រោងអភិបាលកិច្ចឌីជីថល អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន ខណៈដែលវិស័យវប្បធម៌ SCC សម្រេចបានលទ្ធផលលើគម្រោងអភិរក្សបេតិកភណ្ឌវប្បធម៌ ពង្រីកឱកាសសេដ្ឋកិច្ចច្នៃប្រឌិត និងលើកកម្ពស់អត្តសញ្ញាណតំបន់។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ថាវអមិដា ក៏បានគូសបញ្ជាក់អំពីបេសកកម្មដែលកម្ពុជាបានបំពេញក្នុងអណត្តិរបស់ខ្លួន ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ASEAN-COCI លើកទី៥៩ ដើម្បីធានាបាននូវការលើកកម្ពស់តួនាទីនៃវប្បធម៌ និងព័ត៌មានក្នុងការពង្រឹងសាមគ្គីភាពអាស៊ាន ក្នុងយុគសម័យឌីជីថល។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានបន្ថែមថា ការសម្រេចបាននូវបេសកកម្មដ៏សំខាន់នេះ បានមកពីការរួមចំណែកយ៉ាងសកម្មពីប្រទេសជាសមាជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ក្នុងការពង្រីកនិងគាំទ្រមូលនិធិ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការតាមវិស័យផងដែរ៕






