ក្រុមការងារអន្តរក្រសួង ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង

ភ្នំពេញ ៖ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង៖ ក្រុមការងារអង្គភាពលទ្ធកម្ម (អល) នៃគណៈកម្មាធិការលទ្ធកម្ម(គល)ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារអន្តរក្រសួង ដោយមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីនាយកដ្ឋានធារាសាស្ត្រកសិកម្ម រួមទាំងមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំងបី ចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។
ក្នុងដំណើរបេសកកម្ម ក្រុមការងារលទ្ធកម្មក្រសួង និងមន្ត្រីជំនាញអន្តរក្រសួង បានចុះពិនិត្យ វាយតម្លៃលទ្ធផលការថែទាំជាប្រចាំឆ្នាំ២០២៥ (ដំណាក់កាលទី២) រួមមាន៖ ទី១)ប្រព័ន្ធធារាសាស្ត្រ ចំនួន ២ប្រព័ន្ធ ស្ថិតក្នុងរាជធានីភ្នំពេញ ទី២)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៩ប្រព័ន្ធ ស្ថិតក្នុងខេត្តកំពង់ស្ពឺ និងទី៣)ប្រព័ន្ធធារាសាស្ត្រ ចំនួន ៨ប្រព័ន្ធ ស្ថិតក្នុងខេត្តកោះកុង។
ជាលទ្ធផល ក្រុមការងារអន្តរក្រសួងបានវាយតម្លៃថា ប្រព័ន្ធទាំងអស់ខាងលើទទួលបានការថែទាំជាប្រចាំល្អប្រសើរ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស រួមជាមួយនឹងសោភ័ណភាព។ ក្រុមការងារបានបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រ បានដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែសម្រាប់ការស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវគុណតម្លៃសម្រាប់ជាផ្លូវគមនាគមន៍ ទេសចរណ៍ ទឹកស្អាត និងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ផងដែរ៕

You might also like