គ្រួសារនានា នៅប្រទេសថៃ អង្គុយលើដំបូលផ្ទះរង់ចាំការសង្គ្រោះគេចពីទឹកជំនន់ ដែលបានសម្លាប់មនុស្សរាប់សិបនាក់
ក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងប្រទេសថៃបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣៣ នាក់ស្លាប់ចាប់តាំងពីចុងសប្តាហ៍មុនមក ខណៈវីដេអូដ៏គួរឱ្យរន្ធត់បង្ហាញពីមនុស្សដែលផ្ទះរបស់ពួកគេត្រូវបានទឹកលេបត្របាក់ កំពុងអង្គុយរង់ចាំជំនួយនៅលើដំបូលផ្ទះ។
កងកម្លាំងថៃបានប្រញាប់ប្រញាល់ជម្លៀសអ្នកជំងឺធ្ងន់ៗចេញពីមន្ទីរពេទ្យមួយក្នុងទីក្រុងហាត់យ៉ៃ តាមឧទ្ធម្ភាគច្រក កាលពីថ្ងៃពុធ ក្នុងកិច្ចខិតខំប្រឹងប្រែងដែលនៅតែបន្ត។
ក្រសួងទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃពុធ២៦ វិច្ឆិកាសប្ដាហ៍នេះ ថា គ្រួសារប្រហែល ១ លាន និងមនុស្សជាង ២,៧ លាននាក់ បានរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងខេត្តចំនួន ១២ នៅភាគខាងត្បូងប្រទេស ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេល៣០០ឆ្នាំ។
កម្រិតទឹកភ្លៀងបានចាប់ផ្តើមថយចុះកាលពីថ្ងៃពុធ ហើយក្រុមអាជ្ញាធរមានក្តីសង្ឃឹមថាកម្ពស់ទឹកនឹងចាប់ផ្តើមស្រក ប៉ុន្តែក្រសួងឧតុនិយមបានចេញការព្រមានសម្រាប់ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដ៏គំហុកក្នុងតំបន់ភាគខាងត្បូងបន្ថែមទៀត។
នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul កាលពីថ្ងៃអង្គារសប្ដាហ៍នេះដែរបានប្រកាសអាសន្នសម្រាប់ខេត្ត សុងក្លា (Songkhla) ដែលរួមមានទីក្រុងធំបំផុតរបស់ថៃគឺ ហាតយ៉ៃ (Hat Yai) ដោយលើកឡើងពីភាពធ្ងន់ធ្ងរមិនធ្លាប់មាននៃទឹកជំនន់ដែលបានបណ្តាលឱ្យខូចខាតយ៉ាងច្រើន។
ផ្លូវថ្នល់នានានៅក្រុងហាតយ៉ៃមិនអាចឆ្លងកាត់បាន ហើយអគារទាបៗ និងរថយន្តស្ទើរតែលិចបាត់សារដោយទឹកចេះកើនឡើង និងធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់ខ្លួន។ អ្នកស្រុកមួយចំនួននៅជាន់ខ្ពស់ជាងនេះ ត្រូវបានផ្តល់កញ្ចប់អាហារពីក្រុមជួយសង្គ្រោះតាមអាកាស៕



