មកុដពេជ្រ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា គ្រងថ្ងៃមង្គល ច្នៃឡើងតាមព្រះមហាមកុដសម្ដេចព្រះមហាក្សត្រីយានីខ្មែរ ដែលបាត់គ្មានដំណឹង

នារាត្រីថ្ងៃមង្គលការទី ២ ក្នុងពិធីទទួលភ្ញៀវកិត្តិយស ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បានគ្រងនូវរ៉ូបពណ៌សយ៉ាងស្រស់ស្អាត ប្រៀបបីដូចទេពអប្សរនៅចុងកម្មវិធី។ អ្វីដែលធ្វើឱ្យទ្រង់កាន់តែលេចធ្លោទៀតនោះ ទ្រង់បានគ្រងមកុដពេជ្រយ៉ាងប្រណីត ដែលពិតជាស័ក្តិសមនឹងព្រះកិត្តិយសជាខ្លាំង។

នៅពីក្រោយមកុដពេជ្រដ៏ស្រស់ស្អាតនេះ គឺជាការរស់ឡើងវិញនៃ ព្រះមហាមកុដ ដែលមានប្រវត្តិមិនធម្មតាក្នុងរាជវង្សខ្មែរ។ ជាក់ស្តែង តាមការបង្ហោះដោយទំព័រហ្វេសប៊ុក Princess Alanka ដែលជាអ្នកទទួលរចនាមកុដនេះផ្ទាល់ មកុដនេះជាគំរូយកចេញពីព្រះមហាមកុដរបស់ សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្នសិរីវឌ្ឍនា ហើយ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា បានខិតខំស្រាវជ្រាវ និង បង្កើតមកវិញ លេចចេញនូវរូបរាងព្រះមហាមកុដជាថ្មីម្ដងទៀត សម្រាប់គ្រងក្នុងថ្ងៃអាពាហ៍ពិពាហ៍។ ការរំលេចមកុដជាថ្មីនេះ ក៏បន្សល់ទុកជាអនុស្សាវរីយ៍ប្រវត្តិសាស្រ្តប្រពៃណីជាតិខ្មែរយើងផងដែរ។
បើតាមវីដេអូបកស្រាយនៅលើទំព័រហ្វេសប៊ុក ខ្មែរអតីតកាល មកុដនេះ ត្រូវបានរចនាឡើង ដោយយកលំនាំតាមព្រះមហាមកុដរបស់ សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្នសិរីវឌ្ឍនា ដែលទ្រង់បានគ្រងនៅថ្ងៃបុណ្យបរមរាជាភិសេករបស់ព្រះអង្គផ្ទាល់ កាលពីសម័យសង្គមរាស្ត្រនិយម ហើយក្រោយមក ព្រះមហាមកុដនេះក៏បាត់សូន្យឈឹងតែម្តង។
តាមរយៈវីដេអូនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ពង្ស់សូរិយា គឺជាព្រះនត្តាទួត (ចៅទួត) របស់ សម្ដេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិមុនីវង្ស កុសមៈនារីរ័ត្នសិរីវឌ្ឍនា ផ្ទាល់៕

You might also like