ក្រុមហ៊ុនក្នុងវិស័យមូលបត្រ ស្វែងរកកាលានុវត្តវិនិយោគលើវិស័យអាទិភាពមួយចំនួន នៅកម្ពុជា
ក្រុមហ៊ុន Cambodia Securities Plc សិក្សាស្វែងយល់អំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការលើវិស័យកម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា។
ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥នេះ បានទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំដោយអ្នកគ្រប់គ្រងក្រុមហ៊ុន Cambodia Securities Plc សមាសភាពគណៈប្រតិភូ រួមមាន តំណាងក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និងស្វែងរកកាលានុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការ ក្រៅពីវិស័យមូលបត្របន្ថែម។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយ ចំនួនដែលកម្ពុជាខិតខំសម្រេចបានដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, ការរីក ចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើង ពីរបបលើកទឹកចិត្ត វិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួល និងការថែទាំ វិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។
ចំណែកនៅថ្ងៃទី១ ធ្នូ ម្សិលមិញនេះដែរ ឯកឧត្តម លឹម វិសាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន ផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងនោះឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបាន មកដំណើទស្សនកិច្ចនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅ បរទេសចំនួន ១៥ ព្រម ទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈ ផ្នែកច្បាប់ប្រមាណជាង ៣ ពាន់នាក់ ទន្ទឹមនេះ, ក្រុមហ៊ុនគ្រោងនឹង បើកការិយាល័យនៅប្រទស កម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះផងដែរ៕






