ប្រមុខ NATO ច្រានចោលការអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុបដាច់ដោយឡែក

(ព្រុចសែល)៖ កាលពីថ្ងៃចន្ទ ទី២៦ ខែមករា អគ្គលេខាធិការអង្គការ NATO បានច្រានចោលការអំពាវនាវដែលចង់ឱ្យបង្កើតកងទ័ពអឺរ៉ុបដាច់ដោយឡែកមួយ ខណៈការអំពាវនាវបែបនេះ ត្រូវបានជំរុញដោយភាពមិនច្បាស់លាស់ ជុំវិញការប្តេជ្ញារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះសន្តិសុខរបស់អឺរ៉ុប ដែលបានប្រឈមនឹងភាពតានតឹងព្រោះតែរឿងកោះ Greenland។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រមុខ NATO លោក Mark Rutte បានលើកឡើងថា បំណងបង្កើតកងកម្លាំងអឺរ៉ុបមួយដាច់ដោយឡែកពីបក្សសម្ព័ន្ធយោធា NATO ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺគ្មានថ្ងៃអាចក្លាយជាការពិតឡើយ ហើយម៉្យាងវិញទៀត ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មុខជានឹងពេញចិត្តចំពោះគំនិតនេះ ដ្បិតវានឹងធ្វើឱ្យកងទ័ពនៅអឺរ៉ុបត្រូវបែងចែកកម្លាំង ហើយនាំឱ្យពួកគេចុះទន់ខ្សោយ។
ថ្លែងទៅកាន់សភាអឺរ៉ុបក្នុងទីក្រុងព្រុចសែល លោក Rutte បាននិយាយថា ក្រុមប្រទេសអឺរ៉ុបគួរបន្តបង្កើនការទទួលខុសត្រូវថែមទៀត សម្រាប់សន្តិសុខរបស់ខ្លួន ដូចដែលលោក ត្រាំ បានទាមទារ ប៉ុន្តែនៅក្នុងក្របខណ្ឌនៃសម្ព័ន្ធភាពអាមេរិក-អឺរ៉ុប។ លោក Rutte បានអះអាងថា លោក ត្រាំ និងសហរដ្ឋអាមេរិក នៅតែមានការប្តេជ្ញាយ៉ាងរឹងមាំចំពោះ NATO ទោះបីមានភាពមិនច្បាស់លាស់ បង្កឡើងដោយការទាមទាររបស់លោកប្រធានាធិបតីអាមេរិក ឱ្យដាណឺម៉ាកដែលជាសមាជិក NATO បោះបង់ការគ្រប់គ្រងកោះ Greenland ក៏ដោយ។
គួរបញ្ជាក់ថា គំនិតនៃការបង្កើតកងទ័ពអឺរ៉ុប ត្រូវបានលើកឡើងកាលពីពេលថ្មីៗនេះ ដោយរដ្ឋមន្រ្តីការបរទេសអេស៉្បាញ លោក Jose Manuel Albares និងស្នងការទទួលបន្ទុកការពារជាតិ របស់សហភាពអឺរ៉ុប លោក Andrius Kubilius៕

You might also like