ពលរដ្ឋភៀសសឹកជាង ១,០០០គ្រួសារ នៅខេត្តព្រះវិហារ ទទួលអំណោយពីសប្បុរសជនក្នុង និងក្រៅស្រុក

(ព្រះវិហារ)៖ ក្រុមការងារក្រុមហ៊ុន Phnom Penh City ដឹកនាំដោយលោក នូ សីរ៉ាក់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយសប្បុរសធម៌ពីសប្បុរសជនក្នុង និងក្រៅប្រទេស មកចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ១,០៩៦ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន ៣ទីតាំង ក្នុងខេត្តព្រះវិហារ។
ក្នុងឱកាសនោះលោក នូ សីរ៉ាក់ បានថ្លែងថា ការនាំយកអំណោយសប្បុរសជនមកចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅពេលនេះ គឺជាការចូលរួមចំណែកបង្ហាញពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការយកចិត្តទុកដាក់ចំពោះការលំបាករបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខនៅតាមព្រំដែន។
លោកបានបញ្ជាក់ថា៖ «នេះជាលើកទី២ហើយ ដែលក្រុមការងារក្រុមហ៊ុន Phnom Penh City បាននាំអំណោយសប្បុរសជនមកចែកជូនប្រជាពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារ លោកថាក្រុមហ៊ុនក៏បានចុះចែកទៅតាមខេត្តផ្សេងៗទៀតដូចជា៖ ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង។លោកសន្យាក្រុមហ៊ុន និងសប្បុរសជនទាំងអស់ នឹងបន្តគាំទ្រ ចូលរួមជួយសង្គ្រោះតាមលទ្ធភាព ដើម្បីសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា»។
ក្នុងនាមលោក គីមម រិទ្ធី អភិបាលខេត្តព្រះវិហារ លោក អ៊ុក គឹមសាន អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារក្រុមហ៊ុន Phnom Penh City និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ និងនាំអំណោយមកជួយឧបត្ថម្ភប្រជាពលរដ្ឋភៀសសឹកនៅក្នុងខេត្តព្រះវិហារ នាពេលនេះ។
លោកអភិបាលរងខេត្តបានលើកឡើងថា អំណោយទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយបំពេញតម្រូវការចាំបាច់ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យមានកម្លាំងចិត្តឆ្លងកាត់ស្ថានភាពដ៍លំបាកបច្ចុប្បន្ននេះ។
លោក អ៊ុក គឹមសាន ក៏បានបន្ថែមថា អាជ្ញាធរខេត្តព្រះវិហារ នឹងបន្តសម្របសម្រួល និងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសុវត្ថិភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹកទាំងអស់ ដោយសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋភៀសចំនួន ១ ០៩៦គ្រួសារ ដែលទទួលបានអំណោយនាពេលនេះរួមមាន៖ ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅមណ្ឌលសុវត្ថិភាពវត្តពើងព្រះគោ ចំនួន ២៧៥គ្រួសារ វត្តគីឡូ៨ ចំនួន ៣៥៣គ្រួសារ និងវត្តបាក់កាំ ចំនួន៤៦៨គ្រួសារ។សម្ភារៈដែលនាំទៅចែកជូននាពេលនេះមាន៖ អង្ករទម្ងន់ ១០គីឡូ ចំនួន ១ ០៩៦បេ សាប៊ូកក់សក់ និងដុះខ្លួន ១ ០៩៦ឈុត សាច់ផាត់ ១ ០៩៦កញ្ចប់ ឃីតជាស្បៀង (ppcc) មី, ត្រីខ នំ, ទឹកដោះគោ, ស្ករគ្រាប់ ចំនួន ១ ០៩៦កេស និងចែកទឹកដោះជិត២០០កំប៉ុង ដល់កុមារអាយុក្រោម ១ឆ្នាំផងដែរ៕

You might also like