ឯកឧត្តម អឿង ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ក្នុងខេត្តកែប

នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ខេត្តនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងការគ្រប់គ្រងអាងស្ទឹងទន្លេ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ស្ថិតក្នុងភូមិសាស្រ្តខេត្តកែប។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន សមាជិក-សមាជិកានៃលេខាធិការដ្ឋាន លោក ហ៊ួរ មិថុនា អភិបាលរង នៃគណៈអភិបាលខេត្តកែប លោក លោកស្រី តំណាងមន្ទីរទាំង១៥ របស់ក្រសួង-ស្ថាប័ន ជាសមាជិកនៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ព្រមទាំងលោក លោកស្រី អភិបាលនៃគណៈអភិបាលស្រុក និងមេឃុំពាក់ព័ន្ធ ជាច្រើនរូប។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងការគ្រប់គ្រងអាងស្ទឹងទន្លេ រួមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាងទន្លេ ការប្រើប្រាស់ទឹក និងការការពារប្រភពទឹក ក្នុងក្របខ័ណ្ឌអាងស្ទឹងទន្លេ ដើម្បីជំរុញប្រសិទ្ធភាពការគ្រប់គ្រងអាងស្ទឹងទន្លេ ការគ្រប់គ្រងធនធានទឹកចម្រុះ សុខភាពស្ទឹងទន្លេ ជាពិសេសការរៀបចំផែនការ និងការផ្សព្វផ្សាយឱ្យបានច្បាស់លាស់ដល់ភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តខេត្តកែប និងអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវផ្តោតការយកចិត្តទុកដាក់ត្រៀមវិធានការឆ្លើយតបគ្រោះរាំងស្ងួតជាយថាហេតុ និងកិច្ចអន្តរាគមន៍ដោះស្រាយការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករ ឱ្យអស់លទ្ធភាព និងបានទាន់ពេលវេលា៕

You might also like