ស៊ីម៉ាក់បើកប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាម នៅខេត្តឧត្តរមានជ័យ ក្រោមជំនួយរបស់អាមេរិក

(ឧត្តរមានជ័យ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកកិច្ចប្រតិបត្តិការក្រោមគម្រោង «ការពារអាយុជីវិត និងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា»។
គម្រោងនេះទទួលបានការគាំទ្រថវិកាពីសហរដ្ឋអាមេរិក តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូជាមួយអង្គការ NPA។
ក្នុងឱកាសនេះដែរ លោកបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ គោរពបទបញ្ជា និងបទដ្ឋានប្រតិបត្តិការ (SOP) របស់អង្គភាពឱ្យបានម៉ឺងម៉ាត់។
លោកបានសង្កត់ធ្ងន់ថា ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺជាការងារដែលប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតបំផុត ដូច្នេះមិនអាចមានការធ្វេសប្រហែសបានឡើយ។ការណែនាំនេះមានសារសំខាន់ជាសារវន្ត ចំពោះសកម្មភាពបោសសម្អាតសំណល់គ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់សារធាតុ/អាវុធគីមី ក៏ដូចជាគ្រាប់ដ្រូន (Drone) ផ្សេងៗ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ អគ្គនាយក CMAC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងខាងលើ ជាមួយអង្គការ NPA ដែលមានកញ្ចប់ថវិកាសរុបចំនួន ៥ ០០០ ០០០ ដុល្លារអាមេរិក។ ក្នុងនោះអង្គភាព CMAC ទទួលបានថវិកាគាំទ្រដោយផ្ទាល់ចំនួន ៤ ០០០ ០០០ ដុល្លារអាមេរិក សម្រាប់អនុវត្តកិច្ចប្រតិបត្តិការចំនួន ៣ គម្រោង៕

You might also like