លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រជុំដាក់ផែនការឲ្យកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឲ្យអស់ពីមូលដ្ឋាន

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ផែនការយ៉ាងម៉ឺងម៉ាត់ឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ពោលគឺសម្អាតឲ្យអស់ត្រឹម ចុងខែមីនា ឆ្នាំ២០២៦នេះ។
ការដាក់ផែនការយ៉ាងម៉ឹងម៉ាត់ខាងលើនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងកិច្ចប្រជុំដកស្រង់បទពិសោធន៍សារាចរ០៣ លើការងារគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្ដុំ និងបន្តធ្វើយុទ្ធនាការបោសសម្អាតបទល្មើស ONLINE SCAMS ជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានលើកឡើងថា នៅរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៧ជាន់ឡើងទៅ ជិត៤០០០អគារ ដូច្នេះសូមឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិអ្នករស់នៅតាមខុនដូ និងអ្នកស្នាក់នៅប្រមូលផ្ដុំ «រួម» តាមបុរី ឱ្យបានច្បាស់លាស់ ដើម្បីឈានទៅបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ពីក្នុងមូលដ្ឋាន។ នេះជាយុទ្ធនាការបោសសម្អាតឲ្យអស់។
លោក ឃួង ស្រេង បានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចទទួលយកសេដ្ឋកិច្ចពណ៌ ស មិនទទួលយកសេដ្ឋកិច្ចពណ៌ប្រផេះ និងខ្មៅដាច់ខាត។ ដូច្នេះយើងត្រូវរួមគ្នា ដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីបង្ក្រាប និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ ដែលទាមទារឲ្យកម្លាំង និងអាជ្ញាធរទាំង១៤ខណ្ឌ អនុវត្តការងារនេះ ដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ពោលត្រូវប្រឹងប្រែងទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិរបស់យើង។
លោក ឃួង ស្រេង បានបញ្ជាក់ថា ក្រៅពីការប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឲ្យអស់ហើយនោះ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវ បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដូចជាជល់មាន់ បៀរ អាប៉ោង កន្ទុយលេខ ឆ្នោតឡូតូផងដែរ។ បន្ថែមពីនេះ ការថែរក្សាសន្តិសុខ សុវត្ថិភាព និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ តាមផ្សារនានា ក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឲ្យបានស្អាត ដែលសកម្មភាពនេះ ប្រជាពលរដ្ឋដ៏ច្រើនលើសលប់គាំទ្រខ្លាំងណាស់៕

You might also like