នាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul មានទំនុកចិត្តក្នុងការបង្កើតរដ្ឋាភិបាលក្រោយការបោះឆ្នោត
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃលោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) លើកឡើង ថា លោកមានទំនុកចិត្តថា លោកមានអាសនៈសភាគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ខណៈគណបក្សភូមិចៃថៃ(Bhumjaithai) អភិរក្សនិយមរបស់លោក នាំមុខគូប្រជែងបីភាគីក្នុងការបោះឆ្នោតសកល ទន្ទឹមនឹងការរាប់សន្លឹកឆ្នោតនៅតែបន្ត។
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរនៅអាស៊ីអាគ្នេយ៍មួយនេះ បានរៀបចំការបោះឆ្នោតសកលនៅថ្ងៃអាទិត្យ៨មករា២០២៦នេះ ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរវាងក្រុមអ្នកអភិរក្សនិយមដែលមានសម្ព័ន្ធភាពជាមួយយោធា និងរាជាធិបតេយ្យ និងគណបក្សប្រជាជនជឿនលឿន។
ដោយមានការិយាល័យបោះឆ្នោតជិត ៩៥ ភាគរយបានរាយការណ៍ លទ្ធផលបឋមដែលចេញផ្សាយដោយគណៈកម្មការបោះឆ្នោតបានបង្ហាញថា គណបក្សភូមិចៃថៃ របស់លោកអនុទីន ឈ្នះ ប្រហែល១៩២ អាសនៈ បើប្រៀបធៀបទៅនឹង ១១៧ អាសនៈសម្រាប់គណបក្សប្រជាជនជឿនលឿន (progressive People’s Party) និង ៧៤ អាសនៈសម្រាប់គណបក្សភឿថៃ(Pheu Thai)ដែលធ្លាប់មានឥទ្ធិពល។
លោកអនុទីន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ជ័យជម្នះរបស់បក្សភូមិចៃថៃនៅថ្ងៃនេះ គឺជាជ័យជម្នះសម្រាប់ប្រជាជនថៃទាំងអស់ មិនថាអ្នកបានបោះឆ្នោតឱ្យគណបក្សភូមិចៃថៃ ឬអត់នោះទេ។
នាយករដ្ឋមន្ត្រីចាំផ្ទះរូបេះ បានរៀបចំឆាកសម្រាប់ការបោះឆ្នោតមុនកាលកំណត់កាលពីពាក់កណ្តាលខែធ្នូ ក្នុងអំឡុងពេលឈ្លានពានកម្ពុជា ជាចលនាមួយដែលក្រុមអ្នកវិភាគនយោបាយបាននិយាយថា ហាក់ដូចជាត្រូវបានកំណត់ដោយមេដឹកនាំអភិរក្សនិយមរូបនេះ ដើម្បីទាញយកផលប្រយោជន៍ពីការកើនឡើងនៃជាតិនិយម ក្នុងប្រទេសនេះ ៕



