យោធាថៃ ប្រើប្រាស់គ្រាប់បែកចង្កោម វាយប្រហារខុសច្បាប់មកលើទឹកដីកម្ពុជា ក្នុងសង្គ្រាមឈ្លានពានលើកទី២ ដោយបំផ្លាញផ្ទះសម្បែងពលរដ្ឋស្លូតត្រង់ និងបង្កសោកនាដកម្មមិនអាចគណនាបាន

(បន្ទាយមានជ័យ)៖ សង្គ្រាមឈ្លានពានទាំងពីរលើកមកលើទឹកដីកម្ពុជា កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ យោធាថៃ បានប្រើប្រាស់គ្រាប់យុទ្ធោបករណ៍យោធា បូករួមទាំងគ្រាប់បែកចង្កោម បាញ់ស្រោចមក លើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់ យោធាថៃបានបន្តវាយប្រហារយ៉ាងសន្ធឹកសន្ធឹកមកលើអធិបតេយ្យភាពកម្ពុជា ដោយប្រើប្រាស់គ្រាប់បែកចង្កោម ដើម្បីមានប្រៀបលើកម្ពុជាក្នុងចេតនាឈ្លានពានទឹកដីកម្ពុជា។
គ្រាប់បែកចង្កោម ត្រូវអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions – CCM) ហាមឃាត់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ពីព្រោះវាជាអាវុធដ៏គ្រោះថ្នាក់បង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់ជនស៊ីវិល។
លោកស្រី ហែម ហៀក អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ ចិញ្ចឹមចៅតូចំនួន៣នាក់ រស់ភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានរៀបរាប់ពីហេតុការណ៍ដែលយោធាថៃ បាញ់ផ្លោងប្រភេទគ្រាប់បែកចង្កោមស្រោចមកលើ សាលាស្រុកអូរជ្រៅ ផ្ទៃដីស្រែចម្ការ និងផ្ទះរបស់គាត់ ដែលមិនអាចឱ្យគាត់ជាមួយចៅតូចៗ៣នាក់ទៀត ចូលស្នាក់នៅផ្ទះបាន ពីព្រោះនៅមានកូនគ្រាប់បែកចង្កោមរាយប៉ាយពេលផ្ទះរបស់គាត់។
រៀបរាប់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅមាត់ត្រង់សេ ដែលបានជីកសម្រាប់ពួនជ្រកជាមួយចៅតូចៗទាំង៣នាក់ ទាំងទឹកភ្នែករលីងរលោង, លោកស្រី ហែម ហៀក ថា «ខ្ញុំលឺសូរគ្រាប់ធ្លាក់ច្រើននៅសាលាស្រុក (អូរជ្រៅ) ខ្ញុំ និងចៅរត់មកនេះឯង (ត្រង់សេ) ហើយមានគ្រាប់ធ្លាក់នេះឯង (ចំផ្ទះរបស់គាត់) ឡើងសោះ និងផ្ទះអ្នកជិតខាងផង។ ខ្ញុំឆ្អែតហើយ ខ្ញុំឆ្អែតមែនទែន ព្រោះខ្ញុំពោះម៉ាយផង ចិញ្ចឹមចៅ៣នាក់ ចៅកំព្រា […] ខ្ញុំ និងចៅរត់មកក្រាប នៅក្នុងត្រង់សេ ព្រមទាំងអ្នកជិតខាង ២ ឬ៣នាក់ទៀត។ អ៊ុំរត់ផុត ថ្ងៃទី២៧ ខែធ្នូ វាទម្លាក់ បើអ៊ុំនៅក្នុងផ្ទះដាំបាយពេកព្រឹកដូចសព្វដង អ៊ុំនៅក៏ត្រូវងាប់ហើយ»។
ស្ត្រីមេម៉ាយរូបនេះ បានបន្តថា បច្ចុប្បន្ននេះ គាត់បានសុំផ្ទះអ្នកជិតខាងស្នាក់នៅជាបណ្តោះអាសន្នជាមួយចៅតូចទាំង៣នាក់។ «ខ្ញុំចង់ទៅរើស្រូវ ដើម្បីយកមកកិនហូប ប៉ុន្តែ ខ្លាចមានគ្រាប់ ខ្លាចវាផ្ទុះ»។ នេះជាការទួញសោកបន្ថែម របស់លោកស្រី។
ដោយឡែកស្រ្តីម្នាក់ទៀតឈ្មោះ ដួង ស្រីពេជ្រ អាយុ៣៤ឆ្នាំ រស់នៅភូមិកូប ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមផងដែរនោះ បានរៀបរាប់ទាំងហូរទឹកភ្នែកថា៖ «ពេលខ្ញុំរត់ភៀសសឹក មានគេតេមកប្រាប់ថា អូនអើយផ្ទះអូន ត្រូវគ្រាប់បាញ់ចូលហើយ […] តែបបើខ្ញុំបន្តនៅក្នុងផ្ទះវាអាចប៉ះពាល់ទាំងកូនតូច ទាំងអាយុជីវិត ខ្ញុំចេញផុតបន្តិចគ្រាប់ធ្លាក់ចូលតែម្តង»។
លោកស្រី ដួង ស្រីពេជ្រ បានបន្តថា យោធាថៃ តាមទម្លាក់គ្រាប់បែកចេញពីលើយន្តហោះលើគោលដៅស៉ីវិល មិនត្រឹមតែតាមព្រំដែននោះទេ ប៉ុន្តែយោធាថៃបានទម្លាក់គ្រប់ និងបាញ់ផ្លោងគ្រាប់បែកធុនធ្ងន់នាំគ្រាប់បែកចង្កោម មកកន្លែងទាំងអស់ នៅក្នុងភូមិ។
«ទីនេះមិនមែនព្រំដែន និងសមរភូមិប្រយុទ្ធនោះទេ ទីនេះជាភូមិឋានពលរដ្ឋរស់នៅ កន្លែងធ្វើអាជីវកម្មរកស៉ីទាំងអស់ ខ្ញុំយល់ឃើញថា ទង្វើរបស់យោធាថៃ គឺព្រៃផ្សៃបំផុត ខ្ញុំមិនដែលជួបប្រទះពីមុនមក ខ្ញុំខូចខាតទ្រព្យសម្បត្តិ អស់ជាច្រើន គ្រាប់នៅសល់ច្រើនខ្ញុំរស់នៅទាំងភ័យខ្លាចរាល់ថ្ងៃ»។ នេះជាការលើកឡើងបន្ថែមរបស់លោកស្រី ដួង ស្រីពេជ្រ។
គ្រាប់បែកចង្កោម គឺជាអាវុធដែលផ្ទុកនូវគ្រាប់តូចៗជាច្រើន ដែលអាចជះឥទ្ធិពលលើផ្ទៃដីធំទូលាយ។ គ្រាប់ទាំងនេះដែលមិនផ្ទុះភ្លាមៗ អាចបង្កគ្រោះថ្នាក់យូរអង្វែងដល់ជនស៊ីវិល ជាពិសេសកុមារ ដែលអាចច្រឡំគ្រាប់ទាំងនេះ ជារបស់លេង។ ការប្រើប្រាស់គ្រាប់បែកចង្កោមបានបណ្តាលឱ្យមានការស្លាប់ និងរបួសមនុស្សរាប់ម៉ឺននាក់នៅទូទាំងពិភពលោក។
គិតត្រឹមឆ្នាំ២០២៥ មានរដ្ឋចំនួន១២៣ ដោយប្តេជ្ញាចិត្តក្នុងការបំផ្លាញស្តុកគ្រាប់បែកចង្កោម និងសម្អាតតំបន់ដែលរងផលប៉ះពាល់ ដែលក្នុងនោះរួមមាន ១១១រដ្ឋជាភាគី និង១២ រដ្ឋហត្ថលេខី ។ ទោះជាយ៉ាងណា ប្រទេសមួយចំនួនដែលជាអ្នកផលិត និងប្រើប្រាស់គ្រាប់បែកចង្កោមធំៗ ដូចជាអាម៉េរិក ចិន និងរុស្ស៊ី មិនទាន់បានចូលរួមជាភាគីនៃអនុសញ្ញានេះទេ។
កម្ពុជា គឺជាប្រទេសមួយដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសំណល់គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងសកម្ម៕

You might also like