ធ្លាក់ឧទ្ធម្ភាគចក្រយោធានៅកូរ៉េខាងត្បូង សម្លាប់មនុស្ស២នាក់

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ឧទ្ធម្ភាគចក្រប្រយុទ្ធ AH-1S មួយគ្រឿង បានធ្លាក់នាថ្ងៃចន្ទនេះ អំឡុងពេលហោះហើរហ្វឹកហ្វឺន នៅស្រុក Gapyeong នៃខេត្ត Gyeonggi ភាគខាងជើងប្រទេស ជាហេតុបណ្តាលឱ្យអាកាសយានិកទាំង២នាក់ ដែលនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។
យោធាកូរ៉េខាងត្បូង បាននិយាយថា ឧទ្ធម្ភាគចក្រខាងលើបានធ្លាក់ កាលពីខ្ទង់វេលាម៉ោង១១ព្រឹក ហើយមូលហេតុនៃការធ្លាក់ នៅមិនទាន់កំណត់ច្បាស់នៅឡើយ។ ភ្លាមៗក្រោយពេលកើតហេតុ អាកាសយានិកទាំង២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែក្រោយមកត្រូវបានប្រកាសថា បាត់បង់ជីវិត។
គួរបញ្ជាក់ថា កងទ័ពជើងគោកកូរ៉េខាងត្បូង បានផ្អាកប្រតិបត្តិការរបស់ឧទ្ធម្ភាគចក្រ AH-1S ទាំងអស់ ក្រោយឧទ្ទវហេតុនេះ ហើយបានបង្កើតក្រុមឆ្លើយតបបន្ទាន់មួយ ដើម្បីស៉ើបអង្កេតឱ្យច្បាស់ពីមូលហេតុនៃការធ្លាក់។ យោងតាមយោធាកូរ៉េខាងត្បូង ការហោះហើរហ្វឹកហ្វឺនខាងលើ គឺរួមមានទាំងការហាត់រៀនអំពីដំណើរការចុះចតបន្ទាន់ ដោយមិនពន្លត់ម៉ាស៉ីន៕

You might also like